ចរាចរណ៍​នៅ​ទ្វីបអាស៊ី​ហក់​ឡើងវិញ ខណៈ​ការបិទ​ប្រទេសត្រូវបាន​ប​ន្ថូ​រ​បន្ថយ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2020 ក+ ក-

អាស៊ី ៖ ខណៈ​ការបិទ​ប្រទេស​ដែល​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា​ត្រូវបាន​ប​ន្ថូ​រ​បន្ថយ ការ​ចរាចរណ៍​របស់​ម៉ូតូ​បាន​វិលត្រឡប់​មកវិញ​នៅ​ទីក្រុង​ហាណូយ ចំណែក​រថយន្ត​ជាច្រើន​បាន​កកស្ទះ​នៅតាម​ផ្លូវ​របស់​ក្រុង​កា​រ៉ា​ជី និង​មនុ​ស្សបាន​វិល​ត្រឡប់មក​ផ្លូវ​ក្រវាត់ក្រុង​ប៉េកាំង​វិញ​ផងដែរ។​

​ទីក្រុង​ធំៗ​នៅ​ទ្វីបអាស៊ី​មាន​ភាព​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​ដោយ​បង្ក​ឲ្យ​មានការ​បំពុលបរិយាកាស និង​ការរស់នៅ​ប្រចាំថ្ងៃ​នៃ​ប្រជាជន​របស់​ពួកគេ។ ប៉ុន្តែ​សម្រាប់​អ្នក​ថ្មើរជើង​វិញ​ក្នុង​រយៈពេល​ពីរ​បី​សប្តាហ៍​កន្លងមក​មិនបាន​ដើរ​លើផ្លូវ​ទាំង​នោះទេ បន្ទាប់ពី​ការបិទ​ប្រទេស បម្រាម​គោចរ និង​ការដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក​ដោយ​ការភ័យខ្លាច​ចំពោះ​រោគរាតត្បាត Covid-19 បានធ្វើ​ឲ្យ​មនុស្ស​រាប់រយ​លាន​នាក់​រក្សាខ្លួន​នៅក្នុង​ផ្ទះ។​

​ចំណែក​មួយរយៈ​នេះ​ផ្លូវ​ចូលទៅ​កាន់​វត្ត Sule របស់​ទីក្រុង Yangon ត្រូវបាន​គេ​មើលឃើញ​មាន​ភាព​មមាញឹក​ជាមួយនឹង​រថយន្តក្រុង​ជាដើម។ ជាថ្មី​ម្តងទៀត​ការ​ចរាចរណ៍​របស់​ម៉ូតូ​បាន​បំពេញ​ចន្លោះ​ទំនេរ​ទាំងអស់​រវាងរ​ថ​យន្ត​នៅ​ជុំវិញ​បឹង Hoan Kiem របស់​ក្រុង​ហាណូយ​ដែលជា​ការគំរាមកំហែង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ដែល​កំពុង​ព្យាយាម​ឆ្លងកាត់​ផ្លូវ។​

​រីឯ​នៅ​ហុងកុង​អ្នកដើរ​កម្សាន្ត​កំពុង​វិលត្រឡប់​យឺតៗ​នៅតាម​ដងផ្លូវ​នៃ​តំបន់ Lan Kwai Fong ដែលជា​តំបន់​ផឹកស្រា​ដ៏​ពេញនិយម​មួយ​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម​កណ្តាល​ដែល​បាន​ស្ងប់ស្ងាត់​ក្នុងអំឡុងពេល​ហាមឃាត់​ជា​បណ្តោះអាសន្ន​លើ​ការលក់​គ្រឿង​ស្រវឹង​នៅក្នុង​បារ និង​ភោជនីយដ្ឋាន។​

​បន្ថែម​ពីនេះ​ទីក្រុង​កា​រ៉ា​ជី​ក៏​មានការ​ចរាចរណ៍​នៃ​ម៉ូតូ​កង់​បី និង​ឡានក្រុង ខណៈពេលដែល​អាជីវកម្ម​ធម្មតា​បានចាប់ផ្តើម​បើក​ឡើងវិញ​នៅ​ស្ពាន​ឆ្លង​កំពង់ផែ​នៅ​ក្រុង​ស៊ីដនី។ ហើយ​នៅ​ទីក្រុង Wuhan ក្នុង​ខេត្ត Hubei របស់​ប្រទេស​ចិន​យានជំនិះ​ជាច្រើន​បានធ្វើ​ឲ្យ​មានការ​កកស្ទះ​លើផ្លូវ​ហាយវ៉េ និង​ផ្លូវ​នានា​របស់​ទីក្រុង​នៅពេលដែល​ជីវិត​រស់នៅ​របស់​ពួកគេ​វិល​មករក​សភាព​ធម្មតា​វិញ៕