ទីក្រុង​វូ​ហាន​ផ្ដើមធ្វើ​តេស្តរ​កកូ​វីដ​១៩​លើ​ប្រជាជន​របស់ខ្លួន ក្រោយ​មាន​ករណី​ឆ្លង​ថ្មី​ឡើងវិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2020 ក+ ក-

ចិន​ ៖ កាលពី​ម្សិលមិញ​ទីក្រុង​វូ​ហាន​នៃ​ប្រទេស​ចិន បានធ្វើ​តេស្ត​នៅលើ​មនុស្ស​បាន​លើសពី​៣​លាន​នាក់​ហើយ ក្នុងចំណោម​ប្រជាជន​សរុប​១១​លាន​នាក់​ដើម្បី​ស្វែងរក​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​ពួកគេ​មាន​គម្រោង​ធ្វើតេស្ត​ប្រជាជន​ទាំងអស់​នៅ​វូ​ហាន បន្ទាប់ពី​មានការ​ឆ្លង​លក្ខណៈ​ជា​ក្រុម​លេចឡើង​ម្ដងទៀត​ដែលជា​សញ្ញា​នៃ​រលក​ទី​ពីរ​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​ទីក្រុង​ចិន​ដែលជា​មជ្ឈមណ្ឌល​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ​១៩​នេះ បានបញ្ជាក់​ពី​គម្រោង​ក្នុងការ​ធ្វើតេស្ត​ប្រភេទ​អាស៊ីត​នុយ​ក្លេ​អ៉ិ​ច​ទៅលើ​ប្រជាជន​របស់ខ្លួន ដើម្បី​ស្វែងរក​ក្រុម​អ្នក​ដែលមាន​ផ្ទុក​វីរុស​នេះ​តែ​មិន​បញ្ចេញ​រោគសញ្ញា​ឱ្យដឹងពី​ចំនួន​ជាក់លាក់​មួយ​។ សេចក្ដីរាយការណ៍​នោះ ក៏បាន​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ​ទីក្រុង​វូ​ហាន​មានការ​រកឃើញ​ចំនួន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ក្នុង​ខ្លួន តែ​មិន​បញ្ចេញ​រោគសញ្ញា​នេះ​ពីរ ទៅ​បីនាក់​ជា​រៀងរាល់ថ្ងៃ​។​

​គណៈកម្មការ​ជាតិ​សុខភាព​ជាតិចិន​បាន​រាយការណ៍​ពី​ការរកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​៤​ករណី​នៅ​ថ្ងៃទី ១៤ ខែឧសភា ខណៈ​មុន​នោះ​មួយថ្ងៃ​មានតែ​៣​ករណី​ប៉ុណ្ណោះ​។​ករណី​ឆ្លង​ថ្មី​ទាំង​ប៉ុន្មាន​នេះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងប្រទេស​ទាំងអស់ តែ​យ៉ាងណា​ចំនួន​អ្នក​ឆ្លង​មិន​បញ្ចេញ​រោគសញ្ញា​បាន​ធ្លាក់ចុះ​ម្នាក់​ពី​១២​នាក់មក​១១​នាក់​ក្នុងថ្ងៃនេះ​។ គួរ​រំលឹក​ផងដែរ​ថា ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​ចិន​ទាំងមូល​មាន​ចំនួន ៨២,៩៣៣​នាក់ និង​ចំនួន​អ្នកស្លាប់​គឺ​នៅ​៤,៦៣៣​នាក់​ដដែល​៕