ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែល ស្លាប់នៅលើគ្រែក្នុងផ្ទះរបស់លោក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2020 ក+ ក-

បរទេស ៖ អ្នកនាំពាក្យការបរទេសអ៊ីស្រាអែល បានប្រាប់ទូរទស្សន៍​ CNN ថា
ថា ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីស្រាអែលលោក Du Wei ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងគេហដ្ឋានផ្លូវការរបស់លោកនៅក្នុងទីក្រុង Herzliya ប៉ូលិសអ៊ីស្រាអែល កំពុងស៊ើបអង្កេតនេះ។

តាមសារព័ត៌មាន Jerusalem Post នៅថ្ងៃទី១៧ខែឧសភាបានផ្សាយថា កម្លាំងជំនាញកំពុងបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការស្លាប់របស់លោក។ លោក Du Wei អាយុ ៥៨ ឆ្នាំត្រូវបានគេរកឃើញថា ស្លាប់នៅលើគ្រែរបស់គាត់ ហើយមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោក Du Wei ទើបតែត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះតែប៉ុណ្ណោះ ។ លោក Du Wei ធ្លាប់បម្រើការជាប្រេសិតចិន ប្រចាំនៅអ៊ុយក្រែនផងដែរ ។

ឯកអគ្គរដ្ឋទូត Du Wei បានរៀបការ និងមានកូនប្រុសម្នាក់ ប៉ុន្តែគ្រួសាររបស់គាត់មិនត្រូវបានគេជឿថា បានរស់នៅក្នុងប្រទេសអុីស្រាអែលនោះទេ ។ លោក Du Wei កំពុងរស់នៅជាយក្រុង Tel Aviv រដ្ឋ Herzliya ប្រទេសអុីស្រាអែល ៕