ឥណ្ឌា​ប្រកាស​គាំទ្រ​ឲ្យ​ប្រើ​ថ្នាំ​គ្រុនចាញ់ ដើម្បី​ប្រឆាំងនឹង​វិ​រុស​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

​ឥណ្ឌា ៖ ស្ថាប័ន​ក្រុម​អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​កំពូល​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​ទី ២៦ ខែ ឧសភា បានប្រកាស​គាំទ្រ​ការប្រើប្រាស់​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់ hydroxychloroquine ដើម្បី​ប្រឆាំងនឹង​បង្ការ​ជំងឺ​កូ​រ៉ូ​ណា បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ផ្អាក​ការសាកល្បង​ប្រើ​ថ្នាំ​នេះ​ដោយសារតែ​ការព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ការប្រកាស​គាំទ្រ​របស់​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ឥណ្ឌា​បានកើត​ឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយថា​លោក​កំពុង​ប្រើ​ថ្នាំ​នេះ​ជា​វិធានការ​បង្ការ​ជំងឺ​កូ​រ៉ូ​ណា​។​

​លោក Balram Bhargava អគ្គនាយក ICMR បាន​និយាយថា​ការសិក្សា​អង្កេត​និង​ករណី​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​បង្ហាញថា​មិនមាន​ផលប៉ះពាល់​អ្វី​ធំដុំ​ទេ​ក្នុងការ​លេបថ្នាំ​នេះ​ដើម្បី​បង្កា​ជំងឺ​កូ​រ៉ូ​ណា​។ លោក​បាន​បន្ថែមថា ក្រោយ​ប្រើ​ថ្នាំ​នេះ មនុស្ស​មួយចំនួន​មាន អាកា​រៈ ចង្អោរ ក្អួត និង​ញ័រ​ទ្រូង តែប៉ុណ្ណោះ​។​

​សូមជម្រាបថា កាលពី​សប្តាហ៍​មុន ICMR បាន​ណែនាំ​ឲ្យ​មន្ត្រី​ពេទ្យ​ជួរមុខ​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​រ៉ូ​ណា​ឲ្យ លេបថ្នាំ​នេះ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​វិ​រុស​នេះ​៕