២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សមត្ថកិច្ចឃាត់យានយន្ដល្មើសច្បាប់ជិត៤ម៉ឺនគ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមានប្រសាសន៍ថា ក្នុងរយៈពេល២៦ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅប្រទេសកម្ពុជា សមត្ថកិច្ច បានធ្វើការឃាត់យានយន្ដល្មើសច្បាប់ ចំនួន៣៨១៨៩គ្រឿង ក្នុងនោះ ម៉ូត២៧៨១២គ្រឿង និងរថយន្ដ ១០៣៧៧គ្រឿង ខណៈគ្រោះថ្នាក់ចរាចរណ៍ ក៏មានការថយចុះផងដែរ។

ក្នុងពិធីផ្សព្វផ្សាយ របាយការណ៍ជាតិ ស្ដីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ របស់ គ.ជ.ប.ជ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២០ នៅស្ដីការ ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា មានប្រជាពលរដ្ឋច្រើនលើសលប់ ចូលរួមគាំទ្រ ការរឹតបន្ដឹងច្បាប់ចរាចរណ៍ ព្រមទាំង គោរពច្បាប់ចរាចរណ៍ ផងដែរ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «លទ្ធផលរឹតបន្ដឹងច្បាប់ចរាចរណ៍ រយៈពេល២៦ថ្ងៃ ពិន័យ ៣៨១៨៩ករណី ក្នុងនោះ ម៉ូតូ ២៧៨១២គ្រឿង ស្មើនឹង៧៣% មួក៧៩% សញ្ញា ចរាចរណ៍ ១០% ស្រវឹង១% លើសចំណុះ១% ទូរស័ព្ទ១%។ ចំណែករថយន្ដ ១០៣៧៧ករណី ស្នើនឹង២៧% ខ្សែក្រវ៉ាត២៧% ល្បឿន៣០% ទូរស័ព្ទ៧% សញ្ញាចរាចរណ៍៨% លើសចំណុះ ៥% អត់បណ្ណបើកបរ៣% អត់ផ្លាកលេខ២% ស្រវឹង១%»។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ដថា ក្នុងរយៈពេល២៦ គ្រោះថ្នាក់ចរាចណ៍ មានការថយចុះ ១១២លើក ស្មើនឹង៣៨% បើគិតរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវទៅដល់ សមត្ថកិច្ចចំពោះគោលការណ៍ រឹតបន្ដឹងច្បាប់ចរាចរណ៍ មិនដកថយឡើយ គឺត្រូវអនុវត្ដបន្ដទៀត ដើម្បីធ្វើយ៉ាងកាត់បន្ថយ គ្រោះថ្នាក់ចរាចណ៍នៅកម្ពុជា។ ជាពិសេស សមត្ថកិច្ច ត្រូវមានការគោរព ក្រមសីលធម៌វិជ្ជាជីវៈ ទន់ភ្លន់ តែម៉ឺងម៉ាត់ ដើម្បីការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម បន្ថែមថា សម្ថកិច្ចទាំងអស់មិនត្រូវឃាត់រថយន្ដណា ដែលមិនល្មើស ច្បាប់មកសួរនាំឡើយ។ សម្ដេចក្រឡាហោម បន្ដថា បើសិនមានរថយន្ដល្មើសច្បាប់ សមត្ថកិច្ច ត្រូវនាំសួររកឯកសារនានា។

សូមរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ បានចាប់ផ្តើមរឹតបន្តឹងច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីកាត់បន្ថយការគ្រោះ ថ្នាក់ចរាចរណ៍ ខណៈកាលពីឆ្នាំ២០១៩ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមនុស្ស ជិតពីរពាន់នាក់ បានស្លាប់ និងរាប់ម៉ឺននាក់ បានរងរបួសធ្ងន់-ស្រាល៕