ឥណ្ឌា​រកឃើញ​អ្នក​ឆ្លង COVID-19​ថ្មីចំនួន​៦,៣៨៧​នាក់​ថែមទៀត​ក្នុង​មួយថ្ងៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

ញូ​ដេលី ៖ ក្រសួងសុខាភិបាល​សហ​ព័ន្ធ​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​នេះ​បានប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19​ចំនួន​៦,៣៨៧​នាក់​ថ្មី​ទៀត​ក្នុងកំឡុងពេល ២៤​ម៉ោង​កន្លងទៅ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប នៅក្នុង​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ បាន​កើនឡើង​រហូតដល់ ១៥១,៧៦៧​ករណី។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

រយៈពេល​ដូចគ្នានេះ​ដែល​អាជ្ញាធរ​ឥណ្ឌា​បាន​ឲ្យ​ដឹងថា  ​អ្នកជំងឺ​ដែល​បាន​បាត់បង់​ជីវិត​ចំនួន​១៧០​នាក់​បន្ថែមទៀត​ដែរ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19 នៅ​ឥណ្ឌា​កើនឡើង​ដល់ ៤,៣៣៧​នាក់​។​ ដោយឡែក​សម្រាប់​ចំនួន​អ្នកជា​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​វិញ ក៏បាន​កើនឡើង​ដល់ ៦៤,៤២៦​នាក់​ផងដែរ ខណៈ​អ្នកជំងឺ ៨៣,០០៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕