សម្តេច ហ៊ុន សែន ៖ ពលរដ្ឋ​ខ្មែរ​អាច​ចូល​ស្រុក​បាន​ដោយ​មិនចាំបាច់​មាន​លិខិត​បញ្ជាក់ថា​គ្មាន​កូ​វីដ​១៩​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 May, 2020 ក+ ក-

​ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បានសម្រេច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ចូលមក​ប្រទេស​កម្ពុជា​វិញ​បាន ដោយ​មិនចាំបាច់​មាន​លិខិតបញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូ​វីដ​១៩​ទេ​។

​សូមជម្រាបថា នៅថ្ងៃនេះ​សម្តេច ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ Facebook ថា « សម្តេច​បានសម្រេច​វិធានការ​ដោះស្រាយ​ជា​ផ្លូវការ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត ឆ្លងដែន​កម្ពុជា​ហើយ​ដែល​កំពុងធ្វើដំណើរ​ឬ​មានបំណង​ធ្វើដំណើរ​ពី​ក្រៅប្រទេស​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ គឺ​មិន​តម្រូវអោយមាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺឆ្លង​កូ​វីដ​-១៩ ទេ​។ វិធានការ​នេះ​គឺ​នឹង​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ឆាប់​បាន​វិលត្រឡប់ មកជួបជុំ​ក្រុមគ្រួសារ​នៅក្នុង​ប្រទេស​ខ្លួន​វិញ​។​

​ប៉ុន្តែ​ពេល​វិលត្រឡប់​មកដល់​ប្រទេស​វិញ​គឺ​តម្រូវអោយ​ចូល​ពិនិត្យ​សុខភាព និង​ពិនិត្យ សំណាក ហើយ​ដាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ​រង់ចាំ​លទ្ធផល​សំណាក​ថា តើ​មាន​រោគ​ឆ្លង​ឬ​អត់​រោគ​ឆ្លង ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕