​មនុស្ស២នាក់ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន ពី​បទកេងប្រវ័ញ្ចកម្លាំង​ពលកម្ម​កុមារឱ្យ​ដើរ​សុំទាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានចុះអនុវត្តចំណារអនុញ្ញាតឱ្យបង្ក្រាបជាក់ស្តែងលេខ០៨២ អ.យ.ជ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ កាលពីថ្ងៃទី២៧ ខែឧសភា ម្សិលមិញ។

សង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន ៖ ១. ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។ ២. ឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ច ក៏បានសង្គ្រោះកុមាររងគ្រោះចំនួន០៦នាក់ (ស្រី០៣នាក់) ក្នុងនោះទារកចំនួន០២នាក់ (ប្រុស) ករណីកេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។

បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកកុមាររងគ្រោះចំនួន ០៦នាក់ (ស្រី ០៣នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕