សម្តេច ហ៊ុន សែន បន្ត​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រល​ក​ទី​២​នៃ​ការ​រាតត្បាត​ជំងឺឆ្លង COVID-19
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2020 ក+ ក-

​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅថ្ងៃនេះ​បាន​បន្ត​អំពាវនាវ​ជាថ្មី ទៀត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​រល​ក​ទី​២ នៃ​ការ​រាតត្បាត​ជំងឺឆ្លង COVID-19 ដ៏​កាច​សាហាវ​បំផុត​នេះ។​

​សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ Facebook នៅថ្ងៃនេះ​ថា សូម​ប្រុងប្រយ័ត្ន រលក​ទី​២​នៃ​ការ​រា​ត្បា​ត​ជំងឺឆ្លង​កូ​វីដ​១៩ ។ អ្វីដែល​សំខាន់បំផុត​នៅពេលនេះ​គឺ​ការថែរក្សា អនាម័យ​សុខភាព​អាយុជីវិត​សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​សម្រាប់​កូនចៅ​ជាទី​ស្រឡាញ់ នៅក្នុង​ក្រុមគ្រួសារ កុំអោយ​ឆ្លង​មេរោគ​កូ​វីដ​១៩ អោយសោះ​។​

​សូមកុំ​អោយមាន​វិប្បដិសារី​កើតឡើង​ព្រោះតែ​ការធ្វេសប្រហែស​មើលស្រាល​ចំពោះ​ស្ថានការណ៍​បច្ចុប្ប្ន​ន្ន​។ ទោះបី​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស​យើង​មាន​តិច​មែន តែ​យើង​ត្រូវ​បង្កើន​ការយក ចិត្ត​ទុកដាក់​ខ្ពស់​នឹង​ត្រៀម​ទប់ស្កាត់​គ្រប់ពេល ជាពិសេស​នៅក្នុង​រលក​ទី​២​នៃ​ការ​ងើប ឡើងវិញ​នៃ​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ដ៏​កាច​សាហាវ​បំផុត​នេះ​។​

​មកទល់​ថ្ងៃនេះ អង្គការ​សុខភាព​ពិភពលោក (WHO) បានបញ្ជាក់​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស ២១៧ ដែលមាន​អ្នក​ឆ្លង​រោគ​បាន​កើនឡើង​ជាង​៥​លាន​នាក់​ហើយ (5,491,678) ហើយ​ស្លាប់​ជាង​30​ម៉ឺន​នាក់​ក្នុងនោះ​កម្ពុជា​ក៏មាន​អ្នក​ឆ្លង​ថ្មី​2​នាក់​ផងដែរ​។​

​មកទល់ពេលនេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​១៩​នៅឡើយ​ទេ​។ ដូច្នេះ បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែ​ពាក់​ម៉ាស់ ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់ មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រ​ម៉ា ឬ​ម៉ាស ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក ឬ​កណ្តាស ជាពិសេស​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម​។​

​សូម​បន្ត​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​គ្រប់ពេល​។ បើ​មាន​ចម្ងល់​ឬ​ការ សង្ស័យ​ណាមួយ សូម​ទូរ​ស័​ព្វ​ទៅ​លេខ ១១៥ ជាបន្ទាន់​។​

​យើងទាំងអស់គ្នា ត្រូវ​បន្ត​ចូលរួម​ទប់ស្កាត់​ការ​រ​ឆ្លង​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​ទូទាំង ប្រទេស​៕