អាជ្ញាធរ និងមន្ត្រីជំនាញរៀបចំកំណត់ការគ្រប់គ្រងដែនជម្រកសត្វព្រៃក្នុងខេត្តព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2020 ក+ ក-

ខេត្តព្រះវិហារ ៖ មន្រី្តជាន់ខ្ពស់នៃក្រសួងបរិស្ថាន ជំរុញអោយអាជ្ញាធរខេត្តសហការជាមួយមន្ទីរបរិស្ថានបានចាច់ផ្តើមរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋ នៅដែនជំរកសត្វព្រៃ (ព្រៃឡង់) និងតំបន់ការពារធម្មជាតិភូមិសាស្រ្ត ខេត្តព្រះវិហារ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ លោក ស៊ូ សិរី អភិបាលខេត្តស្តីទី និងជាប្រធានក្រុមការងារថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់ដើម្បីរៀបចំកំណត់បែង ចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារ។

ក្រោមការអញ្ជើញចូលរួុមអធិបតីភាពលោក សូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ដោយមានការចូលរួមពីអភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសមាជិកក្រុមការងារសម្របសម្រួល កំណត់បែង ចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជីដីរដ្ឋនៅដែនជម្រកសត្វព្រៃ”ព្រៃឡង់” និងតាមបណ្តាតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តព្រះវិហារជាច្រើនរូប នៅសាលប្រជុំ សាលាខេត្តព្រះវិហារ។

មានមតិស្វាគមន៍ក្នុងឱកាសនោះ លោក ស៊ូ សិរី អភិបាលរងខេត្ត ជុំនួសមុខអោយ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបានខេត្តព្រះវិហារ បានលើកឡើងថាខេត្តព្រះវិហារស្ថិត នៅតំបន់ខ្ពង់រាបភូមិភាគខាងជើងសម្បូរព្រៃឈើ ដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទ ធនធានរ៉ែ និងសំណង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។

តំបន់ខ្ពង់រាបភូមិភាគខាងជើងនេះគ្រប់ដណ្តប់ភាគច្រើនដោយព្រៃល្បោះ និងមានប្រភពទឹកជាច្រើន ដែលមានសារៈសំខាន់ជាលក្ខណៈអន្តរជាតិ ក្នុង ការទ្រទ្រង់ប្រភព ចំណី អាហារដល់ប្រភេទសត្វព្រៃសំខាន់ៗរស់នៅ។ ដងស្ទឹងសែន និងដៃរបស់វា ដែលហូរកាត់ខេត្តនេះគឺជា ទំនប់ទឹកធំបំផុតដែលហូរចាក់ទៅក្នុងបឹងទន្លេ សាបដែលវាជាក្បាលទឹកក្នុងខេត្តព្រះវិហារ ហើយវាមានសារៈសំខាន់ចំពោះអាកាសធាតុ និងសន្តិសុខ ស្បៀង។

លោកបានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះគឺដើម្បីប្រកាសសមាសភាពក្រុមការងារសម្របសម្រួល និងរៀបចំកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងចុះបញ្ជិដីរដ្ឋ  ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីឱ្យក្រុមការងារយល់ច្បាស់ពីការតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន និងជាពិសេស ពិនិត្យ ពិភាក្សា និងរៀបចំផែនការសកម្មភាពសម្រាប់ការងារកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោលព្រំប្រទល់ និងការចុះបញ្ជិដីរដ្ឋក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តព្រះវិហារ ។

លោក សូ ខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ សរុបមានចំនួន៩កន្លែង និងមានទំហំផ្ទែដីសរុប ប្រមាណជាង ៧៧ម៉ឺនហិកតា ដែលសម្បូរដោយជីវៈចម្រុះគ្រប់ប្រភេទ និងវត្តមានប្រភេទសត្វកម្ររជាច្រើនប្រភេទកំពុងរស់នៅ ពិសេស ដំរីអាស៊ី ខ្ទីង ទាព្រៃស្លាបស ក្រៀល ត្មាត និងត្រយ៉ងយក្សជាដើម។ តំបន់ការពារធម្មជាតិនៅភូមិភាគខាងជើងនេះមិនត្រឹមតែដើរតួនាទីសំខាន់សម្រាប់ប្រភេទសត្វកម្រ ថែមទាំងជាផ្ទៃ រងទឹកភ្លៀង និងទីជម្រាលដ៏សំខាន់របស់ស្ទឹងសែន និងស្ទឹងស្ទោង។

ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង៩កន្លែង មន្ទីរបរិស្ថានដែលជាសេនាធិការរបស់ខេត្តមានមន្រ្តីសរុបចំនួន១៥០នាក់ក្នុងនោះមន្ត្រីឧទ្យានុរក្សមានចំនួន៩៣នាក់ ដោយចែកចេញជា ៤ការិយាល័យ គឺ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេ ការិយាល័យដែនជម្រក សត្វព្រៃ ព្រះរកា-ឆែប ការិយាល័យ ដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ និងការិយាល័យ តំបន់បេតិកភណ្ឌធម្មជាតិ។

លោកបានបន្ថែមថា គម្រោងព្រៃឡង់បៃតង បាននឹងកំពុងសហការជាមួយមន្ទីរបរិស្ថាន ដែលបានអនុវត្តសកម្មភាពចំបងៗជាច្រើនក្នុងតំបន់ព្រៃឡង់ និងតំបន់ជុំវិញស្ថិតនៅភូមិសាស្ត្រខេត្តចំនួនបួនគឺ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ មានតំបន់ការពារធម្មជាតិចំនួន១៩ ស្មើនឹងទំហំផ្ទៃដីសរុបប្រមាណជាង ៣,៣លានហិកតា។ គម្រោងនេះមានគោលបំណង ធ្វើអោយប្រសើរឡើងនូវការអភិរក្សជីវចំរុះបង្កើនឱកាសសេដ្ឋកិច្ច និងពង្រឹងអភិបាលកិច្ចនៅក្នុងតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ ក្នុងកិច្ចប្រជុំនោះដែរក៏សមាជិកក្រុមការងារ នឹងបានស្វែងយល់ពីគោលការណ៍ណែនាំ និងវិធីសាស្រ្តស្តីពីការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិផងដែរ៕ ដោយ ៖ កូវ ប៊ុនហេង