លោក អ៊ុន ចាន់ មេបញ្ជាការរងការពារព្រំដែនលេខ៥០៣ រងការរិៈគន់រឿងស្តុកទំនិញគេចពន្ធ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយទោ អ៊ុន ចាន់ មេបញ្ជាការរងកងល្បាតយោធាការពារព្រំដែនលេខ៥០៣ កំពុងមានការិៈគន់ពីសំណាក់កូនទាហានរបស់ខ្លួន ថា បានបើកដៃឲ្យស្ត្រីជនជាតិថៃម្នាក់ឈ្មោះ ម៉ែ ឡាត់ យកទំនិញគ្រប់ប្រភេទពីប្រទេសថៃ មកដាក់ស្តុកក្នុងឃ្លាំងមួយនៅជាប់ច្រករបៀងណងចាន់ ឋិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាឃ្លាំងឯកជន។ទំនិញទាំងនេះសម្រាប់ចែកចាយបន្តជាងដប់ឆ្នាំមកហើយឲ្យពលរដ្ឋខ្មែរតាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមទីផ្សារនៅក្នុងខេត្តបន្ទាយមានជ័យ យកទៅលក់ ដោយអនុវត្តផ្ទុយពីថ្នាក់ដឹកនាំខេត្ត និងប្រមុខរាជរដ្ឋាភិបាលដែលបានដាក់មកឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍រួមទាំងស្ថាប័នប្រដាប់អាវុធគរប់ប្រភេទ ដើម្បីទប់ស្កាត់ឲ្យបានរាល់បទល្មើស់ឆ្លងដែន តាមច្រករបៀងនានានៅព្រំដែនខ្មែរ-ថៃ ពិសេសដើម្បីពង្រឹងសន្តិសុខ ទប់ស្កាត់ ទំនិញគេចពន្ធ គ្រឿងញៀន អាភៀន ការរត់ពន្ធមនុស្ស បទល្មើសផ្សេងៗ តាមខ្សែបន្ទាត់ព្រំដែនប្រកបដោយប្រសិទ្ធភាព។ក៏ប៉ុន្តែជាក់ស្ដែងបច្ចុប្បន្នច្រករបៀង ណងចាន់ ក្នុងភូមិជោគជ័យឃុំអូរបីជាន់ ស្រុកអូរជ្រៅដែលគ្រប់គ្រងដោយលោក អ៊ុន ចាន់ មេបញ្ជាការរងយោធាការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ នៅតែបន្ត ដំណើរការយ៉ាងរលូនឲ្យជនជាតិថៃ យកទំនិញមកស្តុកក្នុងឃ្លាំងដើម្បីចែកចាយដល់ឈ្មួញតូចធំ
ធ្វើឲ្យបាត់បង់ថវិកាជាតិតាមរយៈមិនបង់ពន្ធចូលរដ្ឋ។

ប្រភពច្បាស់ការពីពលទាហាន ជាកូនចៅរបស់លោក អ៊ុន ចាន់ ដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់ថាច្រករបៀងមួយនេះមាននាំចូលមកដូចជាម៉ូតូគេចពន្ធ សាច់មាន់ខូចគុណ
ភាព គ្រឿងក្នុងជ្រូកជាដើម។ មុខទំនិញទាំងនោះគ្មានការត្រួតពិនិត្យពីមន្រ្តីជំនាញនោះទេ ដែលអាចប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាពលរដ្ឋជាអ្នកទិញទៅបរិភោគ ដោយថាការនាំចេញទំនិញមកនេះឈ្មួញបានបង់លុយឲ្យស្ថាប័នគយ នគរបាលសេដ្ឋកិច្ចខេត្តនៅប្រចាំច្រកខាងលើរួចហើយ តែគ្មានវិក្កយបត្រ័នោះទេគ្រាន់តែបង់ប្រាក់តាមការព្រមព្រៀងរួច អាចចេញចូលទៅបានយ៉ាងរលូន។

ទោះយ៉ាងណា មន្រ្តីផ្នែកច្បាប់បានពន្យល់ថា ការបង់ពន្ធចូលរដ្ឋតាមរយៈគយ ឬនគរបាលសេដ្ឋ្ឋកិច្ចគ្មានវិក្កយប័ត្រ គឺជាអំពើពុករលួយរបស់មន្រ្តី ។

ពួកគាត់លើកឡើងថា ៖ ច្រករបៀងខាងលើដែលគ្រប់គ្រងដោយ លោក អ៊ុន ចាន់ មេបញ្ជាការរងកងល្បាតការពារព្រំដែន៥០៣យោធភូមិភាគទី ៥ ត្រូវ សម្តេចក្រឡាហោម ស ខេងបញ្ជាឲ្យបិទច្រករបៀងនេះរួចទៅហើយ ដោយយល់ឃើញថា ធ្វើឲ្យខាតបង់ថវិកាជាតិដោយមានទំនិញគេចពន្ធរាប់រយមុខចេញចូលតាមច្រករបៀងមួយនេះ និងអាចនាំឲ្យមានការលួចបន្លំចរាចរណ៍នូវគ្រឿងញៀនផងែរ។ ប៉ុន្តែនៅច្រករបៀងនេះ នៅតែដំណើរការរហូតដល់បច្ចុប្បន្នដែលគេសង្ស័យថា មានការត្រូវគ្នាជាមួយអាជ្ញាធរ មន្ត្រីជំនាញក្នុងមូលដ្ឋានទើបបើកឲ្យទំនិញនាំចូលមិនបានបង់ពន្ធដល់សព្វថ្ងៃនេះ។

លោក អ៊ុន ចាន់ មេបញ្ជាការរងអង្គភាពខាងលើអ្នកសារព័ត៌មានយើងបានទំនាក់ទំនងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែឧសភា នេះ ដើម្បីសុំការបញ្ជាក់បញ្ហានាំទំនិញរបស់ស្ត្រីជនជាតិថៃម្នាក់ឈ្មោះ ម៉ែ ឡាត់ ដែលយកទំនិញមកស្តុកក្នុងឃ្លាំងដែលគ្រប់គ្រងដោយលោកផ្ទាល់នៅក្បែរច្រករបៀងខាងលើនោះ ហើយលោកប្រាប់ថា ជាប់ទៅរៀននៅភ្នំពេញ តែពេលសាកសួរកូនចៅរបស់លោកដែលប្រចាំការនៅទីនោះ បានប្រាប់ថាលោក អ៊ុន ចាន់ គាត់នៅកន្លែងច្រករបៀងខាងលើនោះ លោកមិនទៅភ្នំពេញស្អីនោះឡើយ។

ទាក់ទិនករណីខាងលើនេះ លោក ឃួន ជឿន មេបញ្ជាការកងល្បាតការពារព្រំដែន៥០៣យោធ ភូមិ ភាគទី ៥ បានប្រាប់ភ្នាក់ងារកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២៨ ខែឧសភានេះថា រឿងឃ្លាំងផ្ទុកទំនិញខុសច្បាប់នេះមិនពាក់ព័ន្ធនឹងអង្គភាពរបស់លោកទេ។លោកបានដេញឲ្យសួរលោក អ៊ុន ចាន់ ជាមេបញ្ជាការរងរបស់លោកដែលពាក់ព័ន្ធគ្រប់គ្រងឃ្លាំងឯកជនមួយនេះ ព្រោះមិនមែនជាឃ្លាំងស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនោះទេ៕