ខែឧសភា នៅកម្ពុជាមានព្រឹត្តិការណ៍ធំពីរដែលធ្វើអោយពលរដ្ឋចលាចល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2020 ក+ ក-

ភ្នំពេញ ៖ ក្នុងខែឧសភា ឆ្នាំ ២០២០នេះដែលធ្វើអោយពលរដ្ឋជ្រួលច្របល់ និងល្បីតៗគ្នាតាមបណ្ដាញសង្គម ដោយសារតែការទទួលព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ។

រឿងទី១ គេកត់សម្គាល់ឃើញថា នៅខែឧសភា ឆ្នាំ ២០២០ គឺជាពេលវេលា ដែលសមត្ថកិច្ចចរាចរណ៍ ចាប់ផ្ដើមរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ហើយកាលនោះ ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅធ្វើឆៀករថយន្ត និងទៅធ្វើ ឬប្តូរបណ្ណបើកបរថ្មី ដើម្បីគេចពីការផាកពិន័យរបស់សមត្ថកិច្ចចរាចរណ៍ដែលចាំផាកនៅតាមដងផ្លូវសំខាន់ៗ ។ ការផាកពិន័យនេះ ត្រូវបានមើលឃើញថាមានទឹកប្រាក់ច្រើនលើសលប់ ហើយមន្ត្រីជាន់ខ្ពស់ផ្នែកចរាចរណ៍នេះ ក៏បានអះអាងថា ការធ្វើបែបនេះមិនមែនចង់បានលុយពីពលរដ្ឋទេ គឺចង់អោយពលរដ្ឋគោរពច្បាប់ចរាចរណ៍តែប៉ុណ្ណោះ ។

រឿងរ៉ាវទី២ ដែលជាការកត់សម្គាល់ដែរនោះ និងបង្កចលាចលដល់ពលរដ្ឋ គឺពាក់ព័ន្ធនឹងទៅក្រដាសប្រាក់១ដុល្លារ២ដុល្លារ និង៥ដុល្លារ ដោយធនាគារជាតិនៃកម្ពុជា គ្រាន់តែប្រកាសអញ្ជើញតំណាងធនាគារពាណិជ្ជនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាមកប្រជុំស្ដីពីការផ្អាកទទួកយកក្រដាសប្រាក់ដុល្លារទាំងបីប្រភេទ ធ្វើអោយបណ្ដាសារព័ត៌មានមួយចំនួនយកចុះផ្សាយដោយនិយាយថាធនាគារជាតិប្រកាសផ្អាកយកប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ហើយក៏បានធ្វើអោយប្រជាពលរដ្ឋអាជីវករតាមផ្សារនានា បដិសេធក្នុងការទទួលយកប្រកាសប្រាក់ដុល្លារទាំងបីប្រភេទនោះ បើទោះបីជាធនាគារជាតិ និងប្រមុខរាជរដ្ឋាភិបាលចេញប្រកាសថា ក្រដាសប្រាក់ដុល្លារទាំងបីប្រភេទនៅតែអាចចាយវាយធម្មតាក្ដី៕