សភាថៃអនុម័តថវិកាជិត៦០ពាន់លានដុល្លារ ស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2020 ក+ ក-

បាងកក ៖ រដ្ឋសភាជាតិថៃកាលពីម្សិលមិញ បានអនុម័តកញ្ចប់ថវិកាជិត៦០ពាន់លានដុល្លារអាមេរិក ជាកញ្ចប់អន្តរាគមដ៏ធំបំផុតមិនធ្លាប់មាន ក្នុងគោលដៅស្រោចស្រង់សេដ្ឋកិច្ចប្រទេសឡើងវិញ ខណៈដែលសេដ្ឋកិច្ចជាតិរងផលប៉ះពាល់ខ្លាំង ដោយសារតែជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

កញ្ចប់ថវិកា១.៩ទ្រីលានបាត ឬ ៥៩.៧ពាន់លានដុល្លារអាមេរិកនេះនឹងត្រូវយកទៅប្រើប្រាស់ ដើម្បីជួយប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរប្រចាំអាស៊ីអាគ្នេយ៍មួយនេះ ក្នុងឆ្នាំ២០២០ ក្នុងនោះ ប្រមាណ១៧.៣ពាន់លានដុល្លារអាមេរិកនឹងត្រូវផ្តល់ជូនជាជំនួយដល់កសិករ និងអ្នកលក់ដូរតាមដងផ្លូវ និងអ្នកដែលគ្មានការងារធ្វើ ដែលព្យួរដោយសារតែវិបត្តិកូវីដ១៩នេះ ជាដើម។

ក្រៅពីនេះ ក៏មានការផ្តល់ថវិកាដើម្បីធ្វើឲ្យទីផ្សារមានស្ថិរភាព និងបង្កើនការបញ្ជាទិញថាមពល ក៏ដូចជាថវិកាប្រមាណ១.៤ពាន់លានដុល្លារ នឹងផ្តល់សម្រាប់វិស័យសុខាភិបាល ប៉ុន្តែរដ្ឋាភិបាលមិនទាន់បង្ហាញថា ត្រូវចំណាយលម្អិតបែបណានៅឡើយទេ។

សូមជម្រាបថា ថៃមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣ពាន់នាក់ ស្លាប់៥៧នាក់ ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ថៃធូរស្រាលច្រើន ក្នុងនោះ ថ្ងៃខ្លះ ពុំមានឆ្លងថ្មី ហើយបើឆ្លង ក៏មានតិចតួចដែរ បើធៀបនឹងរយៈពេលប៉ុន្មានខែមុន ដែលម្តងៗ ឆ្លង១ថ្ងៃ អាចមានដល់១០០នាក់ឯណោះ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ឧសភា ម្សិលមិញ ថៃរកឃើញឆ្លងថ្មី ត្រឹម៤នាក់ប៉ុណ្ណោះ៕