អាមេរិក​ដាក់​បម្រាម​គោចរ​ ខណៈ​ការតវ៉ា​ហិង្សា​កាន់តែ​រីក​រាលដាល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 June, 2020 ក+ ក-

អាមេរិក ៖ បម្រាម​គោចរ​ត្រូវ​បានដាក់​នៅតាម​បណ្តា​ទីក្រុង​ធំៗ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ ខណៈ​ការប៉ះទង្គិច​គ្នា​ជុំវិញ​ភាព​សាហាវឃោរឃៅ​របស់​ប៉ូលិស​បាន​រីក​រាលដាល​នៅ​ទូទាំង​អាមេរិក​ដោយ​ក្រុមបាតុករ​មិន​អើពើ​នឹង​ការព្រមាន​ពី​ប្រធានាធិបតី Donald Trump ដែលថា រដ្ឋាភិបាល​របស់លោក​នឹង​បញ្ឈប់​ការតវ៉ា​ដោយ​ហិង្សា​ទេ​។​

​ទីក្រុង Minneapolis ដែលជា​ចំណុចកណ្តាល​នៃ​ភាពចលាចល​នេះ​ត្រូវ​រងគ្រោះ​ដោយ​អំពើហិង្សា​រយៈពេល​ប្រាំ​យប់​ជាប់ៗ​គ្នា​ដោយ​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់បែក​បំ​ភាំង​ស្មារតី​ទៅលើ​ក្រុមបាតុករ​ដែល​កំពុង​ផ្ទុះ​កំហឹង​ចំពោះ​ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដោយ​ស្មា​ដៃ​របស់​ប៉ូលិស​ក្នុង​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។​

Los Angeles, Chicago និង Atlanta ស្ថិតក្នុង​ចំណោម​ទីក្រុង​ជាង​១០​ដែល​ដាក់​បញ្ជា​ឲ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ​នាពេល​យប់​ខណៈ​រដ្ឋ​កាន់​តែ​ច្រើន​បាន​អំពាវនាវ​ដល់​ទាហាន​ឆ្មាំ​ជាតិ​ឲ្យ​មកជួយ​គ្រប់គ្រង​ភាពវឹកវរ​ស៊ីវិល​ដែល​គេ​មិន​ធ្លាប់​បានឃើញ​ទាល់តែសោះ​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​

​ពី​ទីក្រុង Seattle ទៅដល់ New York, បាតុករ​រាប់ម៉ឺន​នាក់​បាន​ចេញមក​តាម​ដង​ផ្លូវ​ដោយ​ទាមទារ​ឲ្យ​មានការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​កាន់តែ​ខ្លាំងក្លា​ជាង​នេះ​និង​ការចាប់ខ្លួន​បន្ថែមទៀត​ពាក់ព័ន្ធ​ការស្លាប់​របស់លោក George Floyd ដែល​ដាច់ខ្យល់​បន្ទាប់ពី​មន្ត្រីប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin លុតជង្គង់​លើ​កញ្ចឹងក​របស់គាត់រ​យៈ​ពេល​ជិត​៩​នាទី​។​

​នៅ​ទីក្រុង Los Angeles, ក្រុមមន្ត្រី​បាន​បាញ់​គ្រាប់កាំភ្លើង​ជ័រ​និង​វាយ​ដំបងឆក់​អំឡុងពេល​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុមបាតុករ​ដែល​បាន​ដុត​ឡាន​ប៉ូលិស​៕