Trump ប្រកាស​ផែនការ​បញ្ជូន​កងទ័ព ​និង​ប៉ូលិស​រាប់ពាន់នាក់ ដើម្បី​បញ្ឈប់​កុបកម្ម​ហិង្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 June, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ច័ន្ទ បាន​និយាយថា​លោក​កំពុង​ដាក់ពង្រាយ​ទាហាន​និង​ប៉ូលីស​ប្រដាប់​ដោយ​អាវុធ​រាប់ពាន់នាក់ ដើម្បី​បញ្ឈប់​កុបកម្ម​ហិង្សា នៅ​ទីក្រុង​វ៉ាស៊ីនតោន ជាទី​ដែល​អគារ និង​ហាង​ទំនិញ​ជាច្រើន​រង​ការបំផ្លិចបំផ្លាញ នៅក្បែរ​សេត​វិមាន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA​។​

​លោក Trump បានធ្វើការ​ប្រកាស​បែប​នេះ​នៅក្នុង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​អាមេរិក ចំ​ពេលដែល​ប៉ូលិស បាញ់​ឧស្ម័ន​បង្ហូរ​បង្ហូរទឹក​ភ្នែក​បំបែកហ្វូង​បាតុករ នៅតាម​ដងផ្លូវ នៅក្បែរ​សេត​វិមាន​តែម្ដង​។​

​ជុំវិញ​បញ្ហា​នេះ​លោក Trump បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​“​អ្វីដែល​បានកើត​ឡើង​ក្នុង រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​យប់​មុន គឺជា​រឿង​មិនអាច​អត់ឱន​ឱ្យបាន​…​ខ្ញុំ​កំពុង​បញ្ជូន​កងទ័ព​ប្រដាប់អាវុធ​ធុន​ធ្ងន់​រាប់ពាន់នាក់​, រួមទាំង​យោធា និង​កងកម្លាំង រក្សា​សណ្ដាប់ធ្នាប់ ដើម្បី​បញ្ឈប់​កុបកម្ម​, ការបំផ្លិចបំផ្លាញ​ទ្រ​ព​សម្បត្តិ និង​ការវាយប្រហារ​លើ​អ្នក​មិន​ដឹងអី​។​

​សូមជម្រាបថា ការផ្ទុះ​ឡើង​នូវ​បាតុកម្ម​នេះ​ក្រោយ​ការស្លាប់​របស់​ពលរដ្ឋ​ស្បែក​ខ្មៅ​អាមេរិក​លោក George Floyd នៅ​ទីក្រុង Minneapolis នៃ​រដ្ឋ Minnesota កាលពី​សប្តាហ៍ កន្លងទៅ​។ ចំណែកឯ​មនុស្ស​ជាង​៤,០០០​នាក់ ក៏ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​ផងដែរ ខណៈ​បច្ចុប្បន្ន​បាតុកម្ម​តវ៉ា​បានក្លាយ​ទៅជា​កុបកម្ម​ដ៏​ហិង្សា​៕