ក្រសួង​សុខាភិបាល​​ត្រៀម​វិទ្យាល័យ​ ហ៊ុន សែន ជម្ពូវ័ន ជាកន្លែងពិនិត្យ​​អ្នកដំណើរ​មកពី​បរទេស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2020 ក+ ក-

ភ្នំពេញ៖​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក​ស្រី យក់ សម្បត្ដិ បាន​ប្រាប់​សារព័ត៌មានក្នុងស្រុកនៅ​ថ្ងៃទី៣ ខែមិថុនា​នេះ ​ថា អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​នានា ត្រូវ​រៀបចំឱ្យ​ទៅ​កន្លែង​ពិនិត្យ​នៅ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន។

លោក​ស្រី យក់ សម្បត្តិ បាន​បន្ត​ទៀត​ថា មន្ត្រី​ក្រុម​ការងារ​អន្តរក្រសួងបាន​ធ្វើ​ការងារ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទៅ​ពិនិត្យ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន កាលពី​ម្សិលមិញ​រួច​ហើយដើម្បី​ត្រៀម​រៀបចំ​ទទួល​អ្នក​ដំណើរ​មក​ពី​បណ្ដា​ប្រទេស​នានា ក្នុង​នោះ មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ ដោយ​ក្នុងចំណោម ៦ ជើង​ហោះហើរ​នៅ​ថ្ងៃ​នេះ។

ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ COVID-19 ចូល​មក​កម្ពុជា ដោយ​កន្លង​មក​អ្នក​ជំងឺ COVID-19 សុទ្ធសឹងតែ​ជា​ករណី​នាំ​ចូល ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ត្រៀម​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មួយ​កន្លែង​បន្ថែម​ទៀត សម្រាប់​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ពី​ក្រៅ​ប្រទេស ត្រលប់​ចូល​មក​កម្ពុជា​វិញ តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

កន្លង​មក​នៅ​រាជធានី​ភ្នំពេញ​ មាន​កន្លែង​ត្រួត​ពិនិត្យ​សុខភាពនៅ​ក្នុង​ទ័ពអាកាស ជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មាន​ចំនួន ១០០គ្រែ និង​មណ្ឌល​សុខភាព​នៅ​ចាក់​អង្រែក្រោម​ចំនួន ១០០គ្រែ ហើយ​សម្រាប់​វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន មាន​ចំនួន ២០០គ្រែ។ ដូចនេះ​ចំនួន​សរុប​មាន​ចំនួន ៤០០គ្រែ សម្រាប់​ទទួល​អ្នក​ដំណើរ ដែល​ត្រូវ​មក​ពិនិត្យ​សុខភាព៕