ដុតកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយចម្រុះជាង ១៣០តោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2020 ក+ ក-

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា នេះ សមត្ថកិច្ចបានដុតកម្ទេចចោលក្នុងទ្រង់ទ្រាយធំនូវឱសថខុសច្បាប់ និង ផលិតផលក្លែងក្លាយទូទៅជាង ១៣០តោន ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលសមត្ថកិច្ចរកឃើញ និងរឹបអូសបាន នៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីនេះចូលរួមដោយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខភិបាល។

ថ្លែងនៅក្នុងពិធីកម្ទេច ឱសថខុសច្បាប់និង ផលិតផលក្លែងក្លាយទាំងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឱ្យដឹងថា នៅអំឡុង ឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំប្រតិ បត្តិការដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការស៊ើបអង្កេត និងបង្ក្រាបនូវឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅបានចំនួនជាង ១៣០តោន នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលដកហូត បានរួមមានៈ ឱសថហួសសុពលភាពមានចំនួន២២៥មុខ ស្មើនឹង៦តោន និងឱសថបូរាណសម័យចិន អាហាបំប៉ន គ្រឿងសំអាងក្លែងក្លាយ ផលិតផលក្លែងក្លាយទូទៅ ផលិតផលគ្រឿងឧបភោគខូចគុណភាព ហួសសុពលភាពជាច្រើនប្រភេទ មានដូចជា ៖ ប្រេងឆា,ទឹកដោះគោ , ទឹកក្រូច , ទឹកស៊ីរ៉ូ, ទឹកត្រី , ទឹកស៊ីអ៊ីវ, មី, ម្សៅមី នំប៉ាវ , ស្ករគ្រាប់, ស្រា,បារី,សាប៊ូកក់សក់ ទឹកអប់,ស្ព្រៃយ៍បាញ់ខ្លួន,ទឹកថ្នាំព្រីនធ័រ ជេលលាងដៃ ម៉ាស់ អាកុល និងឱសថបូរាណចិន។ល។

លោករដ្ឋលេខាធិការ បញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ទោះបីជា មានការខិតខំប្រឹងប្រែងទប់ស្កាត់ពីបណ្តាគ្រប់សមត្ថកិច្ចពាក់ព័ន្ធជាអ្នកអនុវត្តន៍ច្បាប់យ៉ាងណាក៏ដោយ ក៏ជនល្មើសនៅតែព្យាយាមបន្តប្រព្រឹត្ត ពីព្រោះថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ គេនឹងទទួលបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ ប្រៀបធៀបនឹងបទល្មើសដទៃទៀត ហើយចំពោះការដាក់ទោសទណ្ឌលើបទល្មើសនេះនៅមានកម្រិតស្រាល ស្របពេលដែលការយល់ដឹងរបស់សមត្ថកិច្ចលើបទល្មើសនេះក៏នៅមានកម្រិតផងដែរ។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ការរៀបចំពិធីកម្តេចផលិតស្តុកនាពេលនេះ ក៏ជាសារមួយរំលឹកទៅដល់ជនខិលខូចមួយចំនួន ដែលទុកនិងចែកចាយផលិតផលក្លែងក្លាយផងដែរថា ដ៏រាបណាសកម្មភាពខុសច្បាប់បំផ្លាញ សុខភាព សុខុមាលភាពរបស់ប្រជាជន និងសុវត្ថិភាពសង្គមនេះ នៅតែបន្ត ដរាបនោះ សមត្ថកិច្ច ក៏នៅតែព្យាយាមធ្វើការទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោល ដោយមិនមានការលើកលែង ឬក៏បន្ធូរបន្ថយជាដាច់ខាត ៕