ចាប់ខ្លួនមេប៉េអឹមប្រឆាំងគ្រឿងញៀនខេត្តតាកែវ រឹបអូសថ្នាំញៀន២ គ.ក្រ. កាំភ្លើងខ្លី២ដើម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2020 ក+ ក-

ខេត្តតាកែវ ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះធ្វើការចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលមានឋានន្តរសក្តិ័ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថខេត្តតាកែវ និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀន២គីឡូក្រាម ។

ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជនសង្ស័យមានឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី និងមានតួនាទីជានាយការិយាល័យបទល្មើសគ្រឿងញៀន ។ ចំណែកជនសង្ស័យម្នាក់ទៀតមានឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ បានធ្វើសកម្មភាពជួួញដូរគ្រឿងញៀន ត្រូវបានកម្លាំងចាប់ឃាត់ខ្លួនបាន ជាមួយវត្ថុតាងគ្រឿងញៀនប្រហែល២គីឡូក្រាម ។

បន្ទាប់មកកម្លាំងបានបន្តចុះសហការ ទៅឆែកឆេរផ្ទះរបស់ជនសង្ស័យចំនួន២ទីតាំង ៖
ទី១- នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន០២ដើម(ប្រើហ្គាស់)និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។

ទី២- នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូចំនួន០២សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមជាមួយវត្ថុតាងគ្រឿងញៀន២គីឡូក្រាម រួមទាំងអាវុធ ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕