ចិន​បាញ់​បង្ហោះ​ផ្កាយរណប​សង្កេតមើល​ម​ហា​សមុទ្រដោយជោគជ័យ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2020 ក+ ក-

​ចិន ៖ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប​សង្កេតមើល​ម​ហា​សមុទ្រ​ដោយ​ជោគជ័យ​ទៅក្នុង​តារាវិថី​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan នៅ​ខេត្ត​សាន​ស៊ី​ភាគ​ខាងជើង​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​ចិន ស៊ិន​ហួរ​។​

​ផ្កាយរណប HY-1D ត្រូវបាន​បាញ់​បង្ហោះ​ឡើង ដោយ​ប្រើប្រាស់​រ៉ុក្កែត Long March-2C កាល​វេលា​ម៉ោង ២៖៣១​នាទី​ទាបភ្លឺ (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) នេះ​បើ​យោងតាម​រដ្ឋបាល​អវកាស​ជាតិចិន (CNSA) ។​

​ផ្កាយរណប​ថ្មី​នេះ​គឺ​ដើម្បី​ចូលរួម​នៅក្នុង​បេសកកម្ម បង្កើត​បណ្តាញ​ផ្កាយរណប​ចិន សម្រាប់​សម្រួល​ដល់​ការធ្វើ​នាវាចរ​នៅតាម​ដែនសមុទ្រ​។ ផ្កាយរណប​នេះ​ត្រូវបាន​គេ​រំពឹងថា​មិន​ត្រឹមតែ​សម្រាប់​សម្រួល​ដល់​ផ្នែក​នាវាចរ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹងធ្វើ​ការសិក្សា​លម្អិត ទៅលើ​ស្ថា​ភាព​ប្រែ​ពណ៌​នៃ​មហាសមុទ្រ​, ធនធានធម្មជាតិ​ក្នុង​សមុទ្រ និង​បរិស្ថាន​អេកូឡូស៊ី​ជាដើម​។ បន្ថែម​ពីនេះ​ចង្កោម​ផ្កាយរណប HY របស់​ចិន​នឹង​ជួយ​ដល់​ការសិក្សា​អំពី​បញ្ហា​បម្រែបម្រួល នៃ​អាកាសធាតុ​ភពផែនដី​ផងដែរ​។​

​សូមជម្រាបថា ផ្កាយរណប HY-1D នឹងត្រូវ​ដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិ​ការរួម ជាមួយ ផ្កាយរណប​មួយទៀត​ឈ្មោះ HY-1C ដែល​ត្រូវបាន​បាញ់​បង្ហោះ កាលពី​ខែកញ្ញា ឆ្នាំ​២០១៨៕