អ្នកស្រាវជ្រាវ​ព្រំដែន​ថា បើ​តាម​រដ្ឋ ធម្មនុញ្ញ​ក​ម្ពុ​ជា​នឹង​បាត់​ទឹកដី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 August, 2015 ក+ ក-

ភ្នំពេញ​៖ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំ ដែន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ថ្ងៃ​ចន្ទ​នេះ បានស្នើ​ទៅ​តំណាងរាស្ត្រ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ពិចារណា​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​២ ក្រោយពី​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ចប់សព្វគ្រប់ បើ​មិន​ដូច្នេះ​ទេ​នឹងមាន​ជម្លោះ​នយោបាយ​សម្រាប់​ថ្នាក់ដឹកនាំ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​។​

​វី​អូ​ឌី​បាន​សរសេរ​នៅថ្ងៃនេះ​ថា លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នៅ​រាជបណ្ឌិត្យសភាកម្ពុជា មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា​បូរណភាព​ទឹកដី របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០.០០០​ធ្វើ​នៅ​ចន្លោះ ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​

ក្នុងពេល​ទទួល​ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីស្នាក់ការ​របស់​គណបក្ស លោក សុខ ទូច បាន​ថ្លែងថា​លោក​គ្រាន់តែ​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋ​ធម្ម នុ​ញ្ញ​ត្រង់​មាត្រា​២ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ជម្លោះ​នយោបាយ​សម្រាប់​ថ្នាក់ ដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត​។ លោក​បន្តថា​បើតាម​រដ្ឋ​ធម្មនុញ្ញ​ដែល​ចែងថា​ផែនទី​យកតាម​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ កម្ពុជា​នឹង​បាត់​ដី​នៅ​តំបន់​ដាក់​ហូត​ក្នុង​ខេត្តរតនគិរី ដោយសារ​តំបន់​នោះ​ធ្វើឡើង​នៅ​ឆ្នាំ​១៩១៤​។ លោក​បន្ថែមថា​តំបន់​ដាក់​ហូត​មាន​បង្គោល​សរសេរ​ជា​៣​ភាសា គឺ​ភាសា​ខ្មែរ វៀតណាម​និង​បារាំង​។ លោក​បញ្ជាក់បន្ថែម​ថាបើ​តាម​ផែនទី​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ តំបន់​ដាក់​ដាំ​ដែលជា​តំបន់​មួយទៀត​ក្នុង​ខេត្តមណ្ឌលគិរី មានតែ​បន្ទាត់ តែ​មិនមាន​បង្គោល​នោះទេ​។​

​លោក សុខ ទូច ថ្លែងថា​ប្រសិនបើ​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះទេ កម្ពុជា​នឹង​បាត់បង់​ទឹកដី ហើយ​លោក​ព្រមាន​កុំទៅ​បន្ទោស​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​សិក្សា​រួចហើយ​។​

​លោក​បាន​បញ្ជាក់ថា​៖ “​ហើយ​ក្រោយពី​បោះបង្គោល​ហើយ បើ​អត់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទេ អា​បង្គោល​បោះ​ហ្នឹង​ក៏​អត់​មានន័យ​ដែរ ព្រោះ​វា​អត់​មាន​ចង​ច្បាប់​។ អញ្ចឹង​អ្នក​ដែល​ជេរ​ខ្ញុំ សូម​ឲ្យ​ពិនិត្យឡើងវិញ​។

រាល់​ការដែល​មិន​ចង​ច្បាប់ មានន័យថា​ខំ​ធ្វើ ខំ​ជជែក​គ្នា គឺ​អត់​មានន័យ​ទេ​។ អ្នក​ឡើងកាន់​អំណ​ចមក​ក្រោយ ថា​អត់​មាន​ក្នុង​រដ្ឋធម្មនុញ្ញ ផង​រលាយ​អស់​។ កុំ​ភ្លេច​គេ​សប្បាយចិត្ត នៅពេលដែល​យើង​អត់​ចង​ច្បាប់ គេ​រីករាយ​ណាស់ នឹង​រំលោភ​យើង​បន្តទៀត​”​។ លោក​បាន​បន្ថែមថា​៖ “​ខាង​ខ្ញុំ​មិន មែន​មានន័យថា​តម្រូវ​ទេ គ្រាន់តែ​ផ្តល់​គំនិត​ថា ក្រោយពី​បោះបង្គោល​ចំ​សព្វគ្រប់ ក្រោយពី​បានទទួល​ផែនទី​គ្រប់​មជ្ឈដ្ឋាន​ហើយ​អ្នកនយោបាយ​យក​ផែន​ទីណា​ក៏​យក ទៅ​។ បោះបង្គោល​យ៉ាងម៉េច​ក៏​បោះ​ទៅ ប៉ុន្តែ​ក្រោយពី​បោះ​ហ្នឹង ត្រូវតែ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ បើ​មិន​ធ្វើ​ទេ​មានន័យថា​ស្មើ​សូន្យ​”​។​

​បើតាម​លោក សុខ ទូច រហូតមកដល់​ពេលនេះ ក្រុម​ស្រាវជ្រាវ​បញ្ហា​ព្រំដែន​នៅ​រាជបណ្ឌិតសភា​កម្ពុជា បានទទួល​ផែនទី​ពី​អតីត​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​នៃ​របប​សាធារណរដ្ឋ លន់ នល់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស បារាំង លោក ស៊ាន ប៉េង​សែ ពី​បណ្ណាល័យ​ពី​បារាំង ពី​បណ្ណាល័យ​របស់​ព្រឹទ្ធសភា​អាមេរិក ពី​អង្គការសហប្រជាជាតិ ពី​រដ្ឋាភិបាល ពី​អ្នកសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត​និង​ចុង​ក្រោយពី​គណបក្ស សង្គ្រោះ​ជាតិ​។​

​កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​សរសេរ​ខ្វះចន្លោះ ដែល​លោក​អះអាងថា​ពិបាក​យកទៅ​តតាំង​ជាមួយ​វៀតណាម ។ ចំណែក​កាលពី​ថ្ងៃទី​០៣​ខែសីហា ឆ្នាំ​២០១៥ លោក ហ៊ុន សែន បាន​ថ្លែងថា​លោក​នឹង​លុបចោល​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ប្រសិនបើ​មានការ​វិសោធនកម្មរ​ដ្ឋ​ធម្មនុញ្ញ ដោយ​ចែង​ជំនួស​ថា​កម្ពុជា​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០​វិញ​។ លោក​បញ្ជាក់ថា​៖ ”​បើសិនជា​រដ្ឋធម្មនុញ្ញ​បាន​ចែងថា​ផែនទី​នៃ ព្រះរាជាណាចក្រ​កម្ពុជា​ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០ ខ្ញុំព្រះករុណា​ក៏​សុខចិត្ត​លុបចោល​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​ជាមួយ វៀតណាម​ដែរ​។ តែ​មាត្រា​ទី​២​នៃ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​ប្រើ​ថា​ផែនទី​អធិបតេយ្យ​របស់​កម្ពុជា មានចែង​នៅក្នុង​ផែនទី​ខ្នាត​១/១០០.០០០ បោះពុម្ព​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣៣-៥៣ ដែល​អន្តរជាតិ​ទទួលស្គាល់​៦៣-៦៩”​។​

​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា​កាលពី​ឆ្នាំ​១៩១៤ អគ្គទេសាភិបាល​ឥណ្ឌូចិន​បានចេញ​សេចក្តីសម្រេច​មួយ​ថា​ព្រំដែន​កម្ពុជា ត្រូវ​ដើរ​តាម​ទន្លេ​ដាក់​ហូត តែ​លោ​កថា​បារាំង​បាន​គូស​ផែនទី​ទៅតាម​ដាក់​ដាំ​។ លោក​បន្តថា​ប្រសិនបើ​កម្ពុជា​ប្តឹងទៅ​តុលាការអន្តរជាតិ កម្ពុជា​នឹងមិន​ទទួល​ជ័យជម្នះ​ហើយនឹង​បាត់បង់​ទឹកដី​ជាង​៥០​គីឡូ ម៉ែត្រការ៉េ​។ លោក​បញ្ជាក់ថា​៖ “…​យើង​ប្តឹងទៅ​អង្គការសហប្រជាជាតិ​ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នៅ​ម្តុំ​ដាក់​ដាំ ដល់​ទៅ​ផែនទី​ដើរ​តាម​ដាក់​ហូត អញ្ចឹង​បាន​សច​ក្តី​ថា​សម័យ​នោះ ។រដ្ឋមន្ត្រីការបរទេស​ជំនាន់​នោះ អ្នក​ស៊ី​ញ៉េ​លើ​ផែនទី​ជំនាន់​នោះ បានប្រគល់​ទឹកដី​៥១​គីឡូម៉ែត្រ​ការ៉េ​ឲ្យ​ទៅ​វៀតណាម​រួចស្រេច​ទៅហើយ​”​។​

​កន្លងទៅ ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បាន​ថ្លែងថា​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​ដែល រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​បាន​ចុះហត្ថលេខា​រួមគ្នា អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​គូស​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទី​បោ​ន ១/១០០.០០០​មកលើ​ផែនទី​UTM១/៥០.០០០ ដើម្បី​ជា​ជំនួយ​ដល់​ក្រុមបច្ចេកទេស​យកមកអនុវត្ត​នៅលើ​ដី ជាក់ស្តែង​។

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​អះអាងថា​កម្ពុជា​បាត់បង់​ទឹកដី​ឲ្យ​វៀតណាម មានប្រសាសន៍ថា​កម្ពុជា​អាច​យក​សារាចរ​របស់​អគ្គទេសាភិបាល​ឥណ្ឌូចិន​មុន​ឆ្នាំ​១៩ ៣៣​មក​ប្រើ​បាន​ទាក់ទង​នឹង​តំបន់​ដាក់​ហូត​ដាក់​ដាំ ដោយ​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​បានចែង​តែ​ការប្រើប្រាស់​ផែនទី​តែប៉ុណ្ណោះ ៕

njhjnn