លោក សុខ ទូច សរសេរ​លិខិត​ស្នើសុំ​ផែនទី​ពី​លោក អ៊ុំ សំអាន យកមក​ផ្ទៀងផ្ទាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2015 ក+ ក-

​ភ្នំពេញ​៖ លោក សុខ ទូច ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៧​សីហា ម្សិលមិញ​នេះ បាន​សរសេរ​លិខិត​មួយច្បាប់ ជូន​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ផែនទី​បោ​ន​ដែល​លោក​អ៊ុំ សំអាន អះអាងថា បាន​រកឃើញ​នៅ​បណ្ណាល័យ​សភា​សហរដ្ឋអាមេរិក ដើម្បី​យកមក​ផ្ទៀងផ្ទាត់​។​

​លិខិត​ស្នើសុំ​ផែនទី​របស់​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ ព្រំដែន​បានធ្វើ​ឡើង​បន្ទាប់ពី​លោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អៈ​អាង​លើ​បណ្តាញ​សង្គម Face book របស់លោក​ថា បាន​រកឃើញ​ផែនទី​បោ​ន របស់​ប្រទេស​កម្ពុជា​ចំនួន ២៦​ផ្ទាំង ទាំង​ផែនទី Digital និង​ផែនទី​ក្រដាស នៅក្នុង​បណ្ណាល័យ​សភា (Library of Congress) សហ រដ្ឋអាមេរិក​នៅ Washington DC​។​

លិខិត​របស់​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ព្រំដែន ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៥ បង្ហោះ​តាម Facebook​របស់លោក សុខ ទូច បាន​លើកឡើងថា “​ដើម្បី​ឯកភាព​ជាតិ និង​អាយុជីវិត​ជាតិ និង​ដើម្បី​ដោះស្រាយ និង​ការពារ​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេសជិតខាង ក្រុម​ស្រាវជ្រាវ​គោរព​ស្នើសុំ​ផែន​ទីបោ​ន​របស់​កម្ពុជា​ទាំង ២៦​ផ្ទាំង ដែល​ឯកឧត្តម ទទួលបាន យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី ដែល​ក្រុម​ស្រាវជ្រាវ ទទួលបាន​ពី​ប្រភព​នានា ដូចជា​៖
១-​ផែនទី​ផ្លូវការ ដែល​ប្រើប្រាស់​ដោយ​រាជរដ្ឋាភិបាល ចំនួន ២៦​ផ្ទាំង​
២-​ផែនទី​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៤​ផ្ទាំង​
៣-​ផែនទី​ពី​បណ្ណាល័យ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ចំនួន ២៦​ផ្ទាំង​
៤-​ផែនទី​ពី​អង្គការសហប្រជាជាតិ ចំនួន ១៨​ផ្ទាំង​
៥-​ផែនទី​ពី​បណ្ណាល័យ​វិទ្យាស្ថាន​ភូមិសាស្ត្រ​ជាតិ ( បារាំង ) ចំនួន ២៦​ផ្ទាំង​។​

​លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន ប្រាប់​ឲ្យ​ដឹងថា ការរក ឃើញ​ផែនទី​នោះ​មិនមាន​អ្វី​ប្លែក​នោះទេ ។​លោកស្រី​បន្តថា លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បាន​ទៅយក​ពី​ផែនទី​នោះ​ពី បណ្ណាល័យ​សភា​អាមេរិក​កាលពី​ឆ្នាំ​២០០៣ ហើយ​បច្ចុប្បន្ន​មាន​តម្កល់​នៅ​ការិយាល័យ​គណៈកម្មាធិកា​រ​កិច្ច​ព្រំដែន​។ លោកស្រី​បន្ថែមថា​៖ “​អត់​មានអី​ថ្មី​ទេ អ៊ីចឹង​អ្វីដែល​ខ្ញុំ​ចង់​ប្រាប់​ទៅវិញ​ថា រដ្ឋាភិបាល​ធ្វើការ​ត្រឹមត្រូវ​ច្បាស់លាស់​អស់ហើយ យើង​អត់​មានអី​ស្ទាក់ស្ទើរ​ហ្មងសៅ​ទេ មានតែ​លោក អ៊ុំ សំអាន ហ្នឹង​មិន​ជឿជាក់​លើ​រដ្ឋាភិបាល​ខ្លួនឯង សូម្បីតែ​ឯ​ឧ​ត្ត​ម បាន គី​មូ​ន សរ សេរ​លិខិត​មក​ក៏​គាត់​មិន​ជឿ​ទៀត ហើយ​គាត់​ទៅរក​អី​ទៀត​។ ខ្ញុំ​មិន​យល់ថា​តំណាងរាស្ត្រ​គាត់​ជា​តំណាងរាស្ត្រ​អី​ទេ​”​។​

លោក អ៊ុំ សំអាន បាន​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ពី​សហរដ្ឋអាមេរិក​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹងសិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែមទៀត​លើ​ផែន​ទីនេះ ថា​តើ​វា​ដូចនឹង​ផែនទី​ដែល​អតីតព្រះមហាក្សត្រ​ត​ម្ក​ល់​នៅ​អង្គការសហប្រជាជាតិ ហើយ​ខុសពី​ផែនទី​របស់​រដ្ឋា ភិបាល​ឬ​យ៉ាងណា​។ ប៉ុន្តែ​លោក​បញ្ជាក់ថា​ផែន​ទីនោះ​ពុំមាន​ត្រា​វៀតណាម​នោះទេ​។ លោក​បន្តថា​លោក​អាច​ឲ្យ​រដ្ឋាភិបាល​ផ្ទៀងផ្ទាត់​ផែនទី​នេះ​បាន​ប្រសិនបើ​ត្រូវការ​។​

​លោក អ៊ុំ សំអាន ឲ្យ​ដឹង​ទៀតថា​លោក​នឹង​ទៅ​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងយល់ថា​មូលហេតុ​អ្វី​បានជា​អង្គការសហប្រជាជាតិ រក​ផែនទី​កម្ពុជា​មិនឃើញ​ឬ​បាត់​ពេលណា​និង​មូល​ហេតុអ្វី​។ លោក​បន្ថែមថា​លោក​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ចុងខែ​កញ្ញា​ខាងមុខនេះ​។​

គួររំលឹកថា កាលពី​ថ្ងៃ​ពុធ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា​រដ្ឋាភិបាល​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់​ដោយ​មិន លើកលែង​ទៅលើ​អ្នកណា​ដែល​និយាយថា​រដ្ឋា ភិបាល​ប្រើប្រាស់​”​ផែនទី​ចោរ​”​ឬ​”​ផែនទី​ក្លែងក្លាយ​”​។ លោក បន្តថា​បើតាម​ច្បាប់ លោក​មិនបាច់​សុំ​ផែនទី​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មក​ផ្ទៀងផ្ទាត់​នោះទេ ព្រោះ​ព្រះមហាក្សត្រ​និង​រដ្ឋសភា​បាន​យល់ព្រម​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់ សន្ធិសញ្ញា​បំពេញបន្ថែម​២០០៥​រួចមក ហើយ តែ​លោ​កថា​ការស្នើសុំ​នោះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត​។​

​កាលពី​ថ្ងៃទី​២៣​ខែសីហា លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ដែល​បាន​ឲ្យ​កម្ពុជា​ខ្ចី​ផែនទី​មក​ផ្ទៀងផ្ទាត់ ដោយ​លោក​ចាត់ទុកថា​ការផ្ទៀងផ្ទាត់​នេះ​បានបញ្ចប់​ការ​ញុះញង់​លើ​បញ្ហា​ព្រំដែន​នៅ​កម្ពុជា​។ លោក ហ៊ុន សែន បញ្ជាក់ថា​ការផ្ទៀងផ្ទាត់​ផែនទី​ទាំង​១៨​ផ្ទាំង​ដែល​បានមកពី​អង្គការ សហប្រជាជាតិ​បានបង្ហាញ​ឲ្យ​ឃើញ​“​អំពី​ភាពត្រឹមត្រូវ​បេះបិត​រវាង​ខ្សែបន្ទាត់​ព្រំដែន​នៃ​ផែនទី​ដើម​”​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើប្រាស់​ជា​ផ្លូវការ​។

លោក​បញ្ជាក់ថា​៖“​លទ្ធផល​នេះ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ជាក់ច្បាស់​អំពីភាព​ហ្មត់ ចត់​និង​ការទទួលខុសត្រូវ​ខ្ពស់បំផុត​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​នៅក្នុង​ការរៀបចំ​និង​ការ អនុវត្ត​ការងារ​របស់ខ្លួន​ក្នុងការ​កំណត់ និង​ការបោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណា ចក្រ​កម្ពុជា​ជាមួយ​ប្រទេសជិតខាង​”​។​

​រហូតមកដល់​ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​បែបណា​ពី​លោក អ៊ុំ សំអាន អ្នក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិជុំវិញ​ការស្នើសុំ​របស់លោក សុខ ទូច នៅឡើយ​ទេ ៕

bnmmm