ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ជេរប្រមាថ និង​បង្ក​អសន្តិសុខ​ជាតិ​តាម​អ៊ិន​ធើ​ណែ​ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2015 ក+ ក-

​ភ្នំពេញ​:​ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ​បានចេញ​អនុក្រឹត្យ​រៀបចំ​គោលការណ៍​យុទ្ធ​សាស​ដោយ​ប្រគល់​ភារកិច្ច​ដល់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​ត្រូវ ”​ស៊ើបអង្កេត និង​ចាត់វិធានការ​តាមច្បាប់​ចំពោះ​សកម្មភាព​ញុះ ញង់ ជេរប្រមាថ រើសអើង​ពូជសាសន៍ បង្កចលាចល​ក្នុងសង្គម​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ” ។​

​យោងតាម​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រសួង មហាផ្ទៃ​ចុះ​ថ្ងៃទី​១៩​ខែសីហា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា នាយកដ្ឋាន​ប្រឆាំង​បទ ល្មើស​បច្ចេកវិទ្យា​ដែលជា​សេនាធិការ​នៃ​ក្រសួងមហាផ្ទៃ​នឹងសិក្សា​រៀបចំ​គោលការណ៍ វិធានការ យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​លើ​ការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​។ នាយកដ្ឋាន​ក៏មាន​តួនាទី​ក្នុង​ប្រមូល និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ ទូរគមនា គមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស​និង​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ផងដែរ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នេះ ទើបតែ​បង្កើត​ថ្មី និង​មិនទាន់​លេច​ជា​រូបរាង​នៅឡើយ​ទេ​។ ការបង្កើត​នេះ​ប្រយោជន៍​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ទាក់ទង​នឹង​ការ​ញុះញង់​នានា​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ជាតិ​។​

​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បញ្ជាក់ថា​៖ “​ការ​ញុះញង់​ឲ្យ​មាន​បញ្ហា​ហ្នឹង គឺ​ទាក់ទង​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ហើយ​បើសិនជា​យើង​អត់​មាន​វិធានការ​ដើម្បី​ទប់ស្កាត់ ដើម្បី​ដោះស្រាយ​បញ្ហា​ហ្នឹង​ទេ សង្គម​យើង​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​”​។​

​សូមជម្រាបថា កាលពី​ខែឧសភា ឆ្នាំ​២០១៥ កន្លងមកនេះ លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានដាក់​លិខិត​ទៅ​ក្រសួង​ចំនួន​២ គឺ​ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ផ្លូវ​បច្ចេកទេស​លើ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ដែល​លោក​ហៅថា​ជា​”​ជន​អគតិ និង​អសីលធម៌​” ករណី​ប្រមាថ និង​វាយប្រហារ​បរិហារកេរ្តិ៍​ទៅលើ​មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋា ភិបាល​។​

​លោក ផៃ ស៊ី​ផាន បញ្ជាក់ថា​ការប្រមាថ និង​ការបរិហារកេរ្តិ៍ គឺ​មិន​ស្ថិត នៅក្នុង​សេរីភាព​នៃ​ការបញ្ចេញ​យោបល់​នោះឡើយ ប៉ុន្តែ​វា​ជាការ​រំលោភ សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ដែល​ត្រូវ​រង​ការប្រមាថ និង​បៀតបៀន​សេចក្តីថ្លៃថ្នូរ​។​

​ក្រសួងមហាផ្ទៃ កាលពី​សប្តាហ៍​មុន បាន​ចាប់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយរូប​ពាក់ព័ន្ធ នឹង​ការ​គំរាម​សម្លាប់​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវ ជ្រាវ​កិច្ចការ​ព្រំដែន​នៅ រាជបណ្ឌិត្យសភាកម្ពុជា ហើយ​ត្រូវ​តុលាការក្រុង​ភ្នំពេញ​សម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​រសៀល​ថ្ងៃទី​៧ ខែ កញ្ញា នេះ​។

​របាយការណ៍​របស់​អង្គការ​លីកាដូ​ស្តី​ចេញផ្សាយ​កាលពី​ខែឧសភា​បាន លើកឡើងថា​ប្រទេស​កម្ពុជា​កំពុង​រីកសាយ​ភាយ​យ៉ាងខ្លាំង​នូវ​ការប្រើ ប្រាស់ ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត ដោយសារ​កើនឡើង​នូវ​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ងាយស្រួល​ភ្ជាប់​អ៊ី​ន​ធើ​ណែ​ត និង​មាន​បណ្តាញទូរស័ព្ទ​ចល័ត​យ៉ាង​ទូលំទូលាយ​។ របាយការណ៍​បន្តថា​ក្នុងនោះ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ ណែ​ត​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ក្នុងសង្គម​រួមមាន ការប្រើ​ហិង្សា​របស់​នគរបាល និ​ទណ្ឌ​ភាព អំពើពុករលួយ និង​ការកាប់ បំផ្លាញ​ព្រៃឈើ​ជាដើម​។ លីកាដូ​បាន​បញ្ជាក់ថា សេរីភាព​នៃ​ការ បញ្ចេញមតិ​ប្រភេទ​នេះ​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង ដោយសារ​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​អ្នកជំនាញ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត (Cyber War Team) ដើម្បី​ត្រួតពិនិត្យ​ប្រមូល​ព័ត៌មាន​ពី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ហ៊ុ​ក និង​តាមរយៈ​គេហទំព័រ​ផ្សេងទៀត​។​

​ចំណែក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​ដឹង​ទាក់ទង​នឹង​សេចក្តី ព្រាងច្បាប់​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នេះ​ថា សេចក្តីព្រាងច្បាប់​នេះ បានដាក់​បញ្ចូល​ចំណុច​នៃ​ការជេរប្រមាថ ដើម្បី​ធានា​ប្រយោជន៍​អ្នកប្រើប្រាស់​។

សេចក្តីព្រាង​ច្បប់​នេះ​ទុក​មួយអន្លើ​សិន ដោយសារ​រាជរដ្ឋាភិបាល​ជាប់​ដោះស្រាយ​ការងារ​នានា​ដែលមាន​លក្ខណៈ បន្ទាន់ និង​អាទិភាព​ជាង​។​

ក្រសួង​ប្រៃសណីយ៍​អះអាងថា ច្បាប់​នេះ​មានបំណង​កំណត់​វិធានការ​អប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ការប្រព្រឹត្តិ​បទល្មើស​នានា​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ដើម្បី​ធានា​ការអនុវត្ត​ច្បាប់ ប្រយុទ្ធ ប្រឆាំង​និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌ មាន ក៏ដូចជា​សុវត្ថិភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់​ក្នុងការ​ប្រើ ប្រាស់ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​។​

​ក្រសួង​ប្រៃសណីយ៍​ក៏បាន​លើកឡើង​ផងដែរ​ថា​៖ “​ការផ្សព្វផ្សាយ​ខ្លឹម សារ​ដែល​ប៉ះពាល់​ដល់​ប្រពៃណី​ល្អ​របស់​សង្គមជាតិ រាប់ទាំង​ការ​ញុះញង់​ឲ្យ​មានការ​ប្រកាន់ពូជសាសន៍ ជំនឿ​សាសនា ឬ​ការ​មួលបង្កាច់ បរិហាកេរ្តិ៍ និង​ការជេរប្រមាថ​ជាដើម ក៏​នឹងត្រូវ​រាប់បញ្ចូល​ក្នុងចំណោម​បទល្មើស​នានា​ដែរ​។ ក៏​ប៉​ន្តែ​ជាគោលការណ៍ ការផ្តន្ទាទោស និង​ការដាក់ពិន័យ​ចំពោះ​បទល្មើស​ទាំងឡាយ​ខាងលើនេះ នឹង​ត្រូវមាន​សង្គតិភាព​ជាមួយ​បញ្ញត្តិ​ច្បាប់​នានា ជា​ធរមាន ដូចជា​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រម ព្រហ្មទណ្ឌ ជាដើម​”៕