លោក គល់ សុវណ្ណ មេព្រៃ​ខេត្តស្វាយ រៀង​បិទបាំង​ការជួញដូរឈើ​ខុសច្បាប់​របស់​ឈ្មោះ យី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2015 ក+ ក-

​ខេត្តស្វាយរៀង៖​ជាច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​រកស៊ី​ប្រមូល​ទិញ​ឈើ​ប្រណីត​ប្រចាំ ខេត្តស្វាយរៀង​ម្នាក់​ឈ្មោះ យី រស់នៅ​ភូមិ​ឡ សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយរៀង ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​វរៈ​ព្រំដែន​គោក​ច្រក​សំ​យ៉ោ​ង បាន​ដំណើរ​ការរកស៊ី​យ៉ាង​រលូន​សូម្បីតែ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក្រោម ការគ្រប់គ្រង​របស់លោក គល់ សុវណ្ណ រួម​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ពុំដែល​ធ្វើការ​បង្ក្រាប​នោះឡើយ ព្រោះ​ខ្លាច​បែកឆ្នាំង​បាយ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​គេ​តែង​សង្កេតឃើញ​មាន​រថយន្ត​តូចៗ​ប្រភេទ​កាមរី​បា​ឡែ​ន និង​ឆ្លាម​មិនតិចជាង​៧-៨​គ្រឿងក្នុង​មួយ​យប់ៗ​បានធ្វើការ​ដឹកជញ្ជូន​ឈើ ប្រណីត​មក​លក់​ឲ្យ​ថៅកែ យី ចេញចូល​ដូច​គេ​ហែ​កឋិន​អ៊ីចឹង និង​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​ក្នុង​ដីឡូត៍​ផ្ទះ​របស់គាត់ ហើយ​ឈើ​ទាំងនោះ​បើតាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​ដែល​យកមក​លក់​ឲ្យ​ថៅកែ យី គឺ​មួយ​ភាគ​ធំ​ដឹកជញ្ជូន​មកពី​ខេត្តពោធិ៍សាត់ និង​បាត់ដំបង​។​

សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា ក្រោយពី​ប្រមូល​ទិញ​រួច​ឈ្មួញ​ឈើ​ប្រណីត​ឈ្មោះ យី​បាន​ដឹកជញ្ជូន​យកទៅលក់​ឲ្យ​ឈ្មួញ​ធំ​នៅ​ប្រទេស​វៀតណាម​ដោយ​ដឹក​ចេញ​តាម​ច្រកព្រំដែន​សំ​យោង ស្ថិតក្នុង​ស្រុក​ចន្ទ្រា​យ៉ាង​រលូន តាម​រថយន្ត​កូរ៉េ​ក្បាល​ពណ៌​ខៀវ និង​មាន​តួ​ពណ៌​ត្រាវ ចំណុះ​១​តោន​កន្លះ អត់​មាន​ស្លាក​លេខ ហើយ​ការចេញដំណើរ​គឺ​ចាប់ពី​ម៉ោង​៧-៨​យប់​។

ពាក់ព័ន្ធ​នឹង​ករណី​ជំនួញ​ឈើ​ប្រណីត​របស់​ឈ្មួញ​ឈ្មោះ​យី​នេះដែរ លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត បែរជា​ឆ្លើយថា អត់​ដែល​ដឹង​មានការ​ជួញដូរ​ឈើ​ប្រណីត​នេះ​ទាល់តែសោះ ហើយ​បញ្ហា​នេះ​ចាំ​លោក​ធ្វើការ​ស្រាវជ្រាវ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង​នាំ​គា្ន​ធ្វើការ​រិះគន់​ជាខ្លាំង ទៅលើ​លោក គល់ សុវណ្ណ ថា អសមត្ថភាព​ក្នុង​ដឹកនាំ​ការងារ​។

​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ប្រចាំ​ខេត្តស្វាយរៀង​ដ៏​ល្បីល្បាញ​ឈ្មោះ យី បាន​រកស៊ី​ជាច្រើន​ឆ្នាំ​មកហើយ ម្តេចក៏​លោក គល់ សុវណ្ណ ឆ្លើយថា​អត់​ដែល​ដឹង ឬមួយ​ដឹង​ដែរ តែ​ធ្វើ​មិនដឹង​? ។ ម្យ៉ាងទៀត​គេ​មិន​ថា តើ​ការប្រមូលទិញ​ឈើ​ប្រណី​តរបស់​ថៅកែ យី មានច្បាប់​អនុញ្ញាត​ពី​ខាង​ណា​នោះទេ ទើប​ធ្វើ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​របស់លោក គល់ សុវណ្ណ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នាំគ្នា​ស្ងាត់​មាត់​ដូច​គេ​ចុក ពុំដែល​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ ធ្វើ​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ឈ្មោះ យី កាន់តែ​បានចិត្ត បង្ក​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត​។​

ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​ចង់ឃើញ​លោក គល់ សុវណ្ណ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ធ្វើការ​បង្ក្រាប​ជំនួញ​រកស៊ី​ឈើ​ប្រណី​តរបស់​ថៅកែ យី ដើម្បី​បង្ហាញ​ស្នា​ដៃដល់​ថ្នាក់លើ​ឲ្យ​ឃើញ​ម្តង ព្រោះថា រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​ចាប់តាំងពី​លោក គល់ សុវណ្ណ ឡើងកាន់តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ហាក់ដូចជា​មានការ​ស្ពឹក​ស្រពន់ សូម្បីតែ​ជំនួញ​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​វៀតណាម ឆ្លងកាត់​ខេត្តស្វាយរៀង​គគ្រឹកគគ្រេង​រៀងរាល់​យប់ ជាពិសេស​គឺ​ដឹក​កាត់មុខ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​របស់លោក គល់ សុវណ្ណ តែម្តង ក៏​លោក​ពុំដែល​ធ្វើការ​បង្ក្រាប​ដែរ​។

​លោក ឆេង គឹម​ស៊ុន ប្រធាន​រដ្ឋបាល​ព្រៃឈើ​ទូទាំងប្រទេស​ក៏ដូចជា​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​គួរ​ចាត់វិធានការ​ដាក់ពិន័យ​តាមច្បាប់​រដ្ឋបាល​ទៅលើ​មន្ត្រី អសកម្ម​ការងារ និង​ចូលចិត្ត​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្លាច​ច្បាប់​៕ (​សូម​រង់ចាំ​អាន​ព័ត៌មាន​បន្ថែម​ស្តីពី​អំពើពុករលួយ​ក្នុងការ​ជួញដូរ​ឈើ​ប្រណីត​នៅ​ស្វាយរៀង​)