ខេត្តកោះកុង៖ប្រជាពលរដ្ឋរស់នៅទូទាំងខេត្តកោះកុង ពេលនេះចាប់ផ្តើមព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនិញជាប្រភេទគ្រឿងឧបភោគបរិភោគដែលខូចគុណភាព ដែលត្រូវបានបង្ហូរចូលពីប្រទេសថៃមកកម្ពុជា តាមច្រកចាំយាមដោយពុំមានការត្រួតពិនិត្យពីមន្ត្រីប្រចាំច្រកនេះទេ។
បើតាមប្រភពពីប្រជាពលរដ្ឋថា បច្ចុប្បន្ននេះ បន្លែ ផ្លែឈើ សាច់មាន់ កោះមាន់ ដែលខូចគុណភាពត្រូវបានក្រុមឈ្មួញនាំចូលពីប្រទេសថៃយ៉ាងគគ្រឹកគគ្រេងតាមច្រកអន្តរជាតិចាំយាម មកធ្វើការចែកចាយនៅតាមទីផ្សារនានាក្នុងខេត្តកោះកុងព្រមទាំងមានខ្លះយកទៅចែកចាយនៅរាជធានីភ្នំពេញ និងខេត្តនានា ប៉ុន្តែគេមិនឃើញមានមន្ត្រីពាក់ព័ន្ធប្រចាំច្រកត្រួតពិនិត្យនោះឡើយ គឺចាំតែយកលុយរួចបណ្តោយឲ្យទំនិញទាំងនោះចូលមកដោយសេរី។
ប្រភពដដែលបន្តថា នៅរៀងរាល់ពេលទៀបភ្លី បន្លែ ផ្លែឈើ សាច់មាន់ ស្លាបមាន់ ជង្គង់មាន់ កោះមាន់ ខូចគុណភាពជាច្រើនបាវត្រូវក្រុមឈ្មួញនាំចូលពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាតាមច្រកចាំយាមនេះ យ៉ាងរំភើយដោយពុំមានមន្ត្រីណាម្នាក់ត្រួតពិនិត្យនោះឡើយ។
ចំពោះករណីខាងលើនេះសារព័ត៌មាន មេគង្គប៉ុស្តិ៍ មិនអាចទំនាក់ទំនងជាមួយលោកប្រធានស្នាក់ការកាំកុងត្រូលខេត្តកោះ កុងដើម្បីសុំការពន្យល់ពីករណីដូចខាងលើបានទេ កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ នេះ៕ដោយ៖សហការី