​សិប្បកម្ម​ថៅកែ ជី – អូន និង​ថៅកែ ​វាំង កែច្នៃ “ឈើល្មើស” សមត្ថកិច្ច​ធ្វើ​អត់​ដឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2015 ក+ ក-

​បាត់​ដំប​ង៖​រោង​សិប្បកម្ម​ចំនួន​៣​កន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ជី ឈ្មោះ​អូន និង​ឈ្មោះ​វាំង ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង​ត្រូវបាន​កត់សម្គាល់ថា បាន​កែច្នៃ​ឈើ​ខុសច្បាប់​បើទោះបីជា​មានច្បាប់​បើក​សិប្បកម្ម​ក៏ដោយ ព្រោះថា​ឈើ​ដែល​កែច្នៃ​នោះ​ជា​ប្រភេទ​ឈើ​ប្រណីត​ដែល​បានមក​ដោយ​ខុសច្បាប់​។​

​មន្ត្រី​មូលដ្ឋាន​មួយរូប​បាន​បញ្ជាក់ថា ក្នុង​មួយខែៗ​គេ​ឃើញ​រថយន្ត​ដឹកឈើ​ប្រណីត​យ៉ាងច្រើន​ចូលក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន​៣​កន្លែង ដែល​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ក្រុង​បាត់ដំបង​គ្មាន​អ្នកចេញ​បង្ក្រាប​នោះទេ ។​ប្រភព​បន្តថា ពលរដ្ឋ​ក្នុង​ខេត្ត​ជាច្រើន​គេ​បានដឹងថា សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣​កន្លែង​នេះ មាន​អ្នកមានអំណាច​ខ្លាំង​នៅ​កាង​ពីក្រោយ ក្នុងនោះ​ក៏មាន​មន្ត្រី​ជំនាញ​ព្រៃឈើ​ផងដែរ​។

​ប្រភពព័ត៌មាន​បញ្ជាក់​ថា ទីតាំង​ទី​១-​មាន​ម្ចាស់ ឈ្មោះ​ជី ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​២-​មាន​ម្ចាស់​ឈ្មោះ​អូន ស្ថិតនៅ​ក្នុងភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ទីតាំង​ទី​៣-​មាន​ម្ចាស់​ឈ្មោះ​វាំង ស្ថិតនៅ​ក្នុងភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

មជ្ឈដ្ឋាន​ជាច្រើន​នៅ​ក្រុង​បាត់ដំបង​បាន​រិះគន់ថា សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​៣ កន្លែង​ខាងលើនេះ​មាន​រូប​ភាពជា​សិប្បកម្ម​ស្របច្បាប់ តែ​បញ្ហាសំខាន់​នោះ​គឺ​ឈើ​ប្រណីត​ដែល​ដឹកជញ្ជូន​ចូលទៅក្នុង​រោង​សិប្បកម្ម​ខាងលើ​ភាគច្រើន​ជា​ឈើ​ខុសច្បាប់​។​ប្រភព​អះអាងថា ជា​ញឹកញាប់​គេ​ឃើញ​មាន​ចំនួន​ឈើ​ច្រើនណាស់​ដែល​ឈ្មួញ​បាន​ដឹកជញ្ជូន​យកទៅ​កែច្នៃ​ក្នុង​រោង​សិប្បកម្ម​ខាងលើ តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ត្រួតពិនិត្យ​នោះទេ​។​

​ក្រៅពី​សកម្មភាព​ដឹកឈើ​ប្រណីត​ដែល​គេ​គិតថា​ជា​ឈើ​ខុសច្បាប់​ចូល​រោង​សិប្បកម្ម​នោះ ប្រជាពលរដ្ឋ​នៅបាន​រិះគន់​ឥត​សំចៃមាត់​លើ​សមត្ថកិច្ច​មូលដ្ឋាន​ដែល​មិន​ហ៊ាន​ប៉ះពាល់ ឬ​ព្រមាន​ដល់​រោង​សិប្បកម្ម​ខាងលើ​ករណី​ធ្វើ​ឲ្យ​ខូចខាត​ផ្លូវ​ក្នុងភូមិ​ដោយសារតែ​ការដឹកជញ្ជូន​ឈើ​នោះ​ទៀតផង ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ម្ចាស់​រោង​សិប្បកម្ម​ខាងលើ​មាន​មន្ត្រី​មានអំណាច នៅក្នុង​ក្រុង​បាត់ដំបង​កាង​ពីក្រោយ ព្រោះ​កន្លងមក​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ហ៊ាន​ត្រួតពិនិត្យ​រោង​សិប្បកម្ម នោះទេ​។​

ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​លើកឡើងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្រុង​បាត់ដំបង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​គប្បី​ចុះ​ត្រួតពិនិត្យ​ពី ភាពស្របច្បាប់​របស់​រោង​សិប្បកម្ម​ខាងលើ​ផង ព្រោះ​ដំណើរការ​រោង​សិប្បកម្ម​ទាំង​៣​កន្លែង​បាន​រង​ការរិះគន់​ពី ប្រជាពលរដ្ឋ​មូលដ្ឋាន​ច្រើន​ឆ្នាំ​មកហើយ​។​

​មន្ត្រី​គ្រប់គ្រង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​បានទេ​កាលពី​ព្រឹក​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៥ នេះ​៕​ដោ​យ៖​សហការី​gvfcdaaa

hbgvbbgvfcddfgtfrdccc