ភ្នំពេញ៖ល្បែងកន្ទុយលេខជាច្រើនកន្លែងបានកើតឡើងយ៉ាងអនាធិប តេយ្យនៅក្នុងផ្សារចំនួន៣ តាមបណ្តោយផ្លូវវែងស្រេង គឺផ្សារកាណាស៊ីធី ផ្សារត្រពាំងថ្លឹង និងផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ក្រុមអាជីវករ និងប្រជាពលរដ្ឋបានរិះគន់ថា ករណីនេះទាល់តែប្រធានផ្សារ និងសមត្ថកិច្ចបានបើកដៃឲ្យធ្វើ ទើបគេអាចធ្វើទៅបាន។
ក្នុងចំណោមផ្សារក្នុងរាជធានីភ្នំពេញដែលសម្បូរអ្នកកត់កន្ទុយលេខ គេឃើញផ្សារចំនួន៣ ដូចខាងលើ ក៏មានអ្នកកត់ឆ្នោតកន្ទុយលេខជាច្រើន កន្លែងក្នុងផ្សារនីមួយៗដែរ។ករណីកើតឡើងនូវល្បែងស៊ីសងកណ្តាលផ្សារបែបនេះ ត្រូវបានគេដាក់ការចោទប្រកាន់ទៅលើលោកប្រធានផ្សារថា ជាអ្នកបើកដៃឲ្យគេលេងជាថ្នូរនឹងលាភសក្ការៈទើបគេហ៊ានលេង។
អ្នកស្រី ចន្ថាវី ជាអាជីវករម្នាក់បានប្រាប់ឲ្យដឹងថា អ្នកកត់លេខឆ្នោតតាមផ្សារសុទ្ធអះអាងថា មេកញ្ច្រែងរបស់ពួកគេជាមនុស្សមានឥទ្ធិពលនិងប្រើលុយដើម្បីគ្របដណ្តប់លើអំណាចប្រធានផ្សារ និងសមត្ថកិច្ចដទៃទៀត។ប្រភពបន្តថា បើអ្នកគ្រប់គ្រងផ្សារ ឬសមត្ថកិច្ចមិនយកលុយដាក់ខែទេ ក៏មេកន្ទុយលេខមិនអាចដាក់ពង្រាយកូនកញ្ច្រែងកត់លេខឆ្នោតតាមផ្សារបានស្រួលបែបនេះដែរ។
អ្នកស្រី ចន្ថាវី បន្តថា រៀងរាល់ថ្ងៃឲ្យតែជិតដល់ ម៉ោង ៤ រសៀល ចាំមើលអ្នកញៀនកន្ទុយលេខដើរឈូរឆរកកន្លែងចាក់ឆ្នោតអត់ខ្មាស់អៀន ឬខ្លាចរអារពីច្បាប់ទម្លាប់អ្វីនោះទេ។
សន្តិសុខផ្សារម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ មេគង្គប៉ុស្តិ៍ ថា ផ្សារទាំងអស់នៅតំបន់នេះ គឺផ្សារកាណាស៊ីធី ផ្សារត្រពាំងថ្លឹង និងផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ សុទ្ធតែមានកូនកញ្ច្រែងកត់ឆ្នោតរបស់មេឆ្នោតម្នាក់ឈ្មោះ តាម៉ាប់ ។ប្រភពបន្តថា តាម៉ាប់ ដែលជាមេកន្ទុយលេខនៅតាមផ្សារក្នុងតំបន់ចោមចៅនេះ គ្មានអ្នកណាស្គាល់អត្តសញ្ញាណរបស់គាត់ទេ គឺមានតែអ្នកគ្រប់គ្រងផ្សារ និងសមត្ថកិច្ចខ្លះដែលដាក់ខែប៉ុណ្ណោះទើបស្គាល់គាត់ច្បាស់។
សន្តិសុខដដែលនេះបានបន្តទៀតថា តាម៉ាប់ តែងតែបោះពាក្យបោះសំដីអួតក្អេងក្អាងមើលងាយទាំងសមត្ថកិច្ច ទាំងប្រធានផ្សារថា កុំថាឡើយរូបខ្លួនជាមេ សូម្បីតែកូនកញ្ច្រែងរបស់ខ្លួនក៏គ្មានអ្នកណាហ៊ានប៉ះពាល់ដែរ ព្រោះពួកគេយកលុយរៀងរាល់ខែ រឿងអីត្រូវចាប់ ។
ប្រភពបន្តថា តាម៉ាប់ នូវបាននិយាយបំផ្លើសទៀតថា ល្បែងកន្ទុយលេខរបស់គាត់មានអាជ្ញាប័ណ្ណត្រឹមត្រូវថែមទៀតផង។
អាជីវករជាច្រើននាក់បានចោទប្រកាន់ប្រធានផ្សារ និងសមត្ថកិច្ចថា បានទទួលសំណូក ហើយបើកដៃឲ្យគេបង្កើតល្បែងស៊ីសងនៅកណ្តាលផ្សារយ៉ាងគគ្រឹកគគ្រេង។ប្រភពបន្តថា អ្នកលក់ដូរ មួយចំនួនបានលុងខ្លួននឹងល្បែងកន្ទុយលេខនេះ ហើយបានរត់ចោលតូបដោយសារបំណុល។
បងប្អូនអាជីវករ និងប្រជាពលរដ្ឋនៅជុំវិញផ្សារ បានអំពាវនាវដល់លោកអភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌពោធិសែនជ័យ គួរចាត់វិធានការបង្ក្រាបបនល្បែងកន្ទុយលេខតាមផ្សារដូចបានលើកឡើងនេះជាបន្ទាន់ផង។
លោកប្រធានផ្សារកាណាស៊ីធី និងលោកអភិបាលខណ្ឌពោធិសែនជ័យ មិនអាចទាក់ទងសុំការឆ្លើយតបចំពោះការរិះគន់ដូចខាងលើនេះបានទេកាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៥ កន្លងមកនេះ។
គួរជម្រាបថា ល្បែងស៊ីសងគ្រប់ប្រភេទបានផ្តល់នូវបច្ច័យអាក្រក់យ៉ាង ធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្ត និងជីវិតក្រុមគ្រួសារទាំងមូល។ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន មានបទល្មើសជាទល្ហីករណ៍ច្រើនណាស់ដែល សបញ្ជាក់ថា បណ្តាលមកពីល្បែងស៊ីសង។ចំពោះល្បែងកន្ទុយលេខ ក៏ជាបុព្វបទញ៉ាំងឲ្យអ្នកញៀនល្បែងនេះ ហ៊ានប្រព្រឹត្តិនូវអ្វីដែលសង្គមថ្កោលទោសដោយមិនញញើតដៃដែរ មានជាអាទិ៍ ហិង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់ ឬធ្វើអត្តឃាត ជាដើម៕ដោយ៖គឹម ពិសិដ្ឋ