ព្រះសីហនុ៖បទល្មើសល្បែងស៊ីសងជាច្រើនប្រភេទបាន និងកំពុងរីករាលដាលពេញបន្ទុកនៅតាមផ្សារ និងតាមចំណុចមួយចំនួនក្នុងក្រុងព្រះសីហនុ គេមិនឃើញមានការបង្ក្រាបនោះឡើយ ប៉ុន្តែបែរជាលេចឮថាមានមន្ត្រីសមត្ថកិច្ចចេញមុខកាងទៅវិញ។
ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារលើ បានឲ្យដឹងថា ល្បែងស៊ីសង កំពុងរាលដាលពេញបន្ទុកក្នុងក្រុងព្រះសីហនុ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងកើតមានអំពើចោរកម្ម ក៏ដូចជាបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច។
ទោះជាយ៉ាងនេះក្តី នាយនគរបាលសង្កាត់លេខ2 ក៏ដូចជាលោក អធិការនគរបាលក្រុងព្រះសីហនុ ត្រូវគេមើលឃើញថា មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងដែលកើតឡើងយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្ររបស់ខ្លូនគ្រប់គ្រងនោះទេ។
ស្ត្រីចំណាស់ជាអាជីវករក្នុងផ្សារលើម្នាក់ឈ្មោះ ប៊ុនថេន បានពោលយ៉ាងដូច្នេះថា លោក ជួ ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋានអាចជាប់ពាក់ព័ន្ធផលប្រយោជន៍ពីវង់ល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះ។
មន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា វង់ល្បែងស៊ីសងទាំងអស់នៅក្រុងព្រះសីហនុ សុទ្ធតែមានមន្ត្រីនគរបាលជាអ្នកនៅពីក្រោយខ្នង និងរត់ការបើកល្បែងស៊ីសងខុសច្បាប់ទាំងនោះ ទើបបានជាមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន និងនគរបាលប៉ុស្តិ៍ ធ្វើមិនដឹងមិនឮក្នុងការលុបបំបាត់បទល្មើសទាំងនេះ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នៅក្នុងផ្សារលើកំពង់សោម ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ក្រុងព្រះសីហនុ មានទីតាំងកត់កន្ទុយលេខ(កូនកញ្ច្រែង)ប្រមាណជិត១០កន្លែង កំពុងដំណើរការយ៉ាងរលូនគ្មានការរំខានឡើយរាប់ទាំងលោកប៉ូលីស និងលោកប្រធានផ្សារ។
កូនកញ្ច្រែងខ្លះបានអួតអាងថា ពួកគេដែលអាចអង្គុយកត់កន្ទុយលេខបាន គឺដោយសារមានមន្ត្រីនគរបាលជាអ្នករត់ការសម្របសម្រួលរវាងម្ចាស់ទីតាំងកត់កន្ទុយលេខ ល្បែងហ្គេមបាញ់ត្រី ល្បែងជល់មាន និងល្បែងចាក់ភ្នាល់បាល់ ហេតុនេះហើយទើបពុំមានការបង្ក្រាបធ្វើឲ្យល្បែងកើតរាលដាលកាន់តែខ្លាំងនៅក្នុងខេត្តព្រះសីហនុ។
ប្រភពបានអោយដឹងថា កន្លងមកមន្ត្រីនគរបាលធ្លាប់បង្ក្រាបល្បែងកន្ទុយលេខក្នុងផ្សារម្ដងរួចមកហើយ។ ដោយចាប់បានមនុស្សមួយចំនួន ផងដែរ ក្រោយមក សមត្ថកិច្ចដោះលែងមេកន្ទុយលេខទាំងនោះអោយមកផ្ទះវិញ ដែលការដោះលែងនោះត្រូវគេគិតថាស្ថិតក្រោមអំពើពុករលួយ។ ឥឡូវនេះល្បែងកន្ទុយលេខក្នុងខេត្តព្រះសីហនុ រាលដាលកាន់តែខ្លាំងជាមុនទៀត ហើយនាយប៉ុស្តិ៍នគរបាលសង្កាត់លេខ២ និងលោកអធិការនគរបាលក្រុង ធ្វើមិនដឹងមិនឮអ្វីទាំងអស់ចំពោះល្បែងស៊ីសងដែលជាប្រភពធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានស្នើឲ្យលោក ជួ ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ គួរណែនាំដល់មន្ត្រីនគរបាលក្រុងនេះជាបន្ទាន់ផង ព្រោះពួកគេមិនយកចិត្តទុកដាក់ពង្រឹងសន្តិសុខសង្គមឲ្យស្របតាមបទបញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិនោះឡើយ ហើយពួកគេបណ្ដោយឲ្យបទល្មើសផ្សេងៗជាពិសេសល្បែងស៊ីសងរាលដាលឥតឈប់ឈរ បើទោះបីជានៅពេលថ្មីៗនេះ លោកអភិបាលក្រុងបានចេញមុខធានាអះអាងថា លោកនឹងចុះចេញពីតំណែងបើសិនជាលុបបំបាត់ល្បែងស៊ីសងមិននោះទេ៕ដោយ៖អ៊ួង វឹង