ខេត្តកំពង់ឆ្នាំង៖លោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ត្រូវបានប្រជានេសាទក្នុងស្រុកបរិបូរណ៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុកជលគិរី រិះគន់ថាមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងរាលដាលយ៉ាងពេញបន្ទុកនៅតំបន់ជុំវិញបឹងទន្លេសាបនោះទេ។
បុរសស្ត្រីចំនួន៥នាក់ដែលអះអាងថាជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកបរិបូរណ៍ និងស្រុកកំពង់ត្រឡាច បានរាយការណ៍ប្រាប់ មេគង្គប៉ុស្តិ៍ ថា បទល្មើសនេសាទបានកើតឡើងពេញបន្ទុកនៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែគ្មានមន្ត្រីជំនាញ ឬអាជ្ញាធរណាម្នាក់បង្ក្រាបនោះទេ គឹឃើញតែដើរទៅគំរាមចាប់រួចបង្ខំទារលុយច្រកហោប៉ៅហើយនាំគ្នាត្រឡប់ទៅវិញបាត់អស់។
ប្រភពដដែលបន្តថា អ្នកប្រព្រឹត្តិបទល្មើសនេសាទដែលគេបានសូកប៉ាន់សមត្ថកិច្ចរួចហើយនោះ គេបានប្រើឧបករណ៍ដែលអាចចាត់ទុកថាជាការបំផ្លាញពូជត្រីមានដូចជា លបប្រើស១០០ ឬលបកន្ទុយនាគ ជាច្រើនគ្រឿងកំពុងរាលដាលយ៉ាងអនាធិបតេយ្យ។ការបង្ក្រាបរបស់មន្ត្រីរដ្ឋបាលជលផលនាពេលកន្លងមកគ្រាន់តែជារឿងលេងសើចឥតប្រយោជន៍ប៉ុណ្ណោះ។
មន្ត្រីសាលាស្រុកកំពង់លែងម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យ មេគង្គប៉ុស្តិ៍ ដឹងថា ក្នុងស្រុកមួយចំនួនដែលមានឡូនេសាទ ឬតំបន់អភិរក្សពូជត្រីកម្រ ក្នុងខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះ កើតមានអ្នកនេសាទអនាធិបតេយ្យច្រើនណាស់។ភាពអនាធិបតេយ្យនេះត្រូវបានគេដាក់បន្ទុកទទួលខុសត្រូវទៅលើលោក សោម ភារុណ និងបក្ខពួក ដែលគេមើលឃើញថា កន្លងមកនេះក្រុមលោក សោម ភារុណ ធ្វើអ្វីៗតាមអំពើចិត្តគឺចង់ចាប់ក៏បាន មិនចាប់ក៏បាន ព្រោះជាសិទ្ធអំណាចរបស់ក្រុមគាត់ ចង់ការនេសាទនោះបង្កភាពអន្តរាយអស់ពូជមច្ឆជាតិដ៏កម្របែបណាក៏ដោយ ក៏ក្រុមលោកមេជលផលនេះអត់ឈឺក្បាលដែរ ។
ប្រភពដដែលបានអះអាងថា ការនិយាយនេះ មិនបំផ្លើសទេព្រោះប្រជានេសាទជុំវិញបឹងទន្លេសាបទាំងអស់សុទ្ធតែបានដឹងគ្រប់ៗគ្នា ជាក់ស្តែងខណៈនេះសូមអញ្ជើញអស់លោកថ្នាក់ដឹកនាំ ឬក្រុមសមត្ថកិច្ចជំនាញទៅមើលចុះបទល្មើសនេសាទតំបន់បឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំងឥឡូវនេះ បានកើត រាលដាលច្រើនណាស់ ប៉ុន្តែកុំភ្លេច ពេលទៅដល់សូមខ្សឹបសួរអ្នកនេសាទខុសច្បាប់សាកមើលផងថា តើបានសូកលោកណាប៉ុន្មាន ទើបបានជាគេឲ្យឧបករណ៍ខុសច្បាប់ចូលនេសាទក្នុងតំបន់់នេះ? ។
ប្រជានេសាទក្នុងស្រុកទាំង៤ខាងលើ បាននិយាយស្រដៀងគ្នាថា ក្នុងមូលដ្ឋានពួកគាត់សព្វថ្ងៃនេះ មានបទល្មើសប្រើ លបប្រើស១០០ ឬលបកន្ទុយនាគយ៉ាដន្ធឹកសន្ធាប់ ហើយឧបករណ៍បែបនេះអាចចាប់យកត្រីនៅក្នុងទឹកជ្រៅដែលសូម្បីតែកូនកំពឹសក៏អាចចាប់បានដែរ។ ពួកគេប្រើឧបករណ៍ខុសច្បាប់នេះមិនតិចជាង៣០គ្រឿងទេ ហើយអាចចាប់ត្រីបានទាំងតូចទាំងធំ ធ្វើឲ្យធនធានមច្ឆជាតិក្នុងបឹងទន្លេសាបនៃខេត្តកំពង់ឆ្នាំង ត្រូវប្រឈមនឹងសេចក្ដីវិនាស។
បច្ចុប្បន្នសមត្ថកិច្ចរដ្ឋបាលជលផលក្រោមការគ្រប់គ្រងរបស់លោក សោម ភារុណ មិនចាត់វិធានការបង្ក្រាបនោះទេ ហើយប្រភពខ្លះបានឲ្យដឹងថា មន្ត្រីរដ្ឋបាលជលផលចាំទទួលផលប្រយោជន៍ពីក្រុមជនល្មើសយ៉ាងសុខស្រួល។
មេគង្គប៉ុស្តិ៍ បានព្យាយាមស្វែងរកជួបលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងដើម្បីស្នើសុំការឆ្លើយតបចំពោះការរិះគន់ខាលើនេះដែរ តែគ្មានលេខទូរស័ព្ទ ចំណែកមន្ត្រីសាលាស្រុកកំពង់លែងដែលបានផ្តល់សេចក្តីរាយការណ៍ លោកបានបដិសេធមិនផ្តល់លេខទូរស័ព្ទរបស់លោក សោម ភារុណ ដល់អ្នកកាសែតទេ៕ដោយ៖អ វឹង