សកល​វិទ្យាល័យ​បាត់ដំបង​ទទួល​គម្រោងពី​ប្រទេស​ជប៉ុន​​ផលិត​ពូជ​ដំឡូង​មី​ដែល​សត្វល្អិត​មិន​បំផ្លាញ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2016 ក+ ក-

 

​ដោយ​៖​ប៉ែន សុផល​

​ខេត្តបាត់ដំបង​៖​ចាប់ពី​ដើមខែ​មេសា ឆ្នាំ​២០១៦ ខាងមុខនេះ​តទៅ សាកលវិទ្យាល័យ​បាត់ដំបង​ដែល​ទទួល​ការគាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JAKA នឹង​ចាប់ផ្ដើម​អនុវត្តន៍​គម្រោង​ផលិត​ពូជ​ដំឡូង​មី​ដែល​មិន​រង​ការបំផ្លាញ​ដោយ​សត្វល្អិត​។​

​បណ្ឌិត ស្រ៊ា​ន ពៅ ព្រឹទ្ធបុរស​ស្ដីទី​នៃ​មហាវិទ្យាល័យ​កសិកម្ម​និង​កែច្នៃ​អាហារ​ប្រចាំខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​១៥ ខែមករា​នេះ បានអោយដឹងថា ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ​ជប៉ុន​បានជ្រើសរើស​យក​សាកល​វិទ្យាល័យ​បាត់ដំបង​ជា​ដៃគូ​ក្នុងការ​រ​អនុវត្ត​គម្រោង ដោយ​ត្រូវ​ចាប់ផ្តើម​នៅ​ដើមខែ​មេសា ឆ្នាំ​២០១៦ នៅ​មន្ទីរពិសោធន៍​របស់​សាកលវិទ្យាល័យ​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០២០ និង​បន្ដរ​វាយតម្លៃ​អំពី​ប្រសិទ្ធ​ការងារ​ដល់​ឆ្នាំ​២០២៣ គម្រោង​ដដែល​នេះ​អនុវត្តន៍​ទៅលើ​ប្រទេស​ចំនួន​៣​គឺ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​ដោយ​ប្រទេស​ជប៉ុន​ជា​អ្នកទ្រទ្រង់​ផ្ដល់នូវ​បច្ចេកទេស​បែប​ទំនើប​។​

​លោក​បណ្ឌិត​បាន​បន្ដថា គោលដៅ​របស់​គម្រោង​នេះ​ផ្ដល់​ដល់​កសិករ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ​នូវ​ពូជ​ដំឡូង​មី​ដែល​គ្មាន​សត្វ​ចង្រៃ​បំផ្លាញ និង​ផ្ដល់​បច្ចេកទេស​ក្នុង​ការដាំដុះ​ព្រមទាំង​ចូលរួម​លើកស្ទួយ​កាត់បន្ថយ​ភាពក្រីក្រ​ដល់​កសិករ​លើ​តំបន់​ខ្ពង់រាប​បន្ទាប់ពី​JAKA​បាន​ជួយ​គាំទ្រ​លើ​ដំណាំ​ស្រូវ​នៅ​តំបន់​វាលទំនាប​រយៈពេល​មិនតិចជាង​១០​ឆ្នាំកន្លងមក​។ ប៉ុន្ដែ​ក្រោយពី​បញ្ចប់​គម្រោងកា​ផ្គត់ផ្គង់​ពូជ និង​បច្ចេកទេស​ដល់​កសិករ​ដោយ​គិត​តម្លៃ​ទាប​បំផុត​ជាង​តម្លៃ​ទីផ្សារ​។​

​យោងតាម​ការរំពឹងទុក​គម្រោង​សាកល្បង​នេះ នឹង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ព្រោះ​ដៃគូ​ល្អៗ​មានបទពិសោធន៍​ច្បាស់លាស់​ជា​អ្នក​បណ្ដុះបណ្ដាល​បច្ចេកវិទ្យា​ទំនើប និង​ទទួលបាន​ប្រសិទ្ធ​ការងារ​ល្អ​កន្លងមក​។​

​ព្រឹទ្ធបុរស​ស្ដីទី​នៃ​មហាវិទ្យាល័យ​កសិកម្ម និង​កែច្នៃ​អាហារ​ប្រចាំខេត្ត​បាត់ដំបង​បាន​បញ្ជាក់ដែរថា គម្រោង​ខាងលើនេះ​បាន​បែង​ចែកជា​៤​ក្រុម ទី​១​ក្រុម​សិក្សា​លើ​សត្វល្អិត​បំផ្លាញ​ដំណាំ​ដំឡូង​មី ទី​២ ជំងឺ​លើ​ដំណាំ​ដំឡូង​មី ទី​៣ ការផលិត​ពូជ​ដំឡូង​គ្មាន​ជំងឺ និង​ទី​៤ ការចែក​ចាយ​ពូជ​ដំឡូង​គ្មាន​ជំងឺ​រួមទាំង​បច្ចេកទេស​ដាំ​ដុះ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ​។​

​គួរ​បញ្ជាក់ថា ការអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ស្ដីពី​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​នូវ​ប្រព័ន្ធ​ផលិត​ប្រកបដោយ​និរន្ដរភាព​ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត​របស់​សត្វល្អិត​លើ​ដំណាំ​ដំឡូង​មី​ក្នុង​ទំហំ​ទឹកប្រាក់ ៥​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០២០៕tgfraaatgfrdbbtgfrecc