ដោយ៖សហការី
កោះកុង៖លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងប្រធានមន្ទីររៀបចំដែនដីនៃខេត្តនេះ ត្រូវប្រជាពលរដ្ឋនិងមន្ត្រីរាជការសង្ស័យថា ជាអ្នកឃុបឃិតបើកដៃឲ្យមានការសាងសង់សំណង់ខុសច្បាប់លើឆ្នេរសមុទ្រតាមអំពើចិត្ត។
មន្ត្រីរាជការនៅក្នុងសាលាខេត្តកោះកុង បានឲ្យដឹងថា មានការសាងសង់សំណង់ផ្សេងៗនិងកំពង់ផែរឹងមាំជាច្រើនកន្លែងនៅតាមបណ្ដោយឆ្នេរកោះប៉ោ ហើយប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តកោះកុង មិនចាត់វិធានការទប់ស្កាត់នោះទេ។ ជាក់ស្តែងសំណង់អគារកម្ពស់៣ជាន់របស់ឈ្មួញ ដួង ប៊ុនធឿន នៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលស្ទើររួចរាល់ជាស្ថាពរទៅហើយនោះ មិនឃើញអាជ្ញាធរនិងមន្ត្រីជំនាញទប់ស្កាត់ឡើយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ក៏បានឲ្យដឹងដែរថា សំណង់រំលោភលើដីឆ្នេរសមុទ្រនៅតែបន្តកើតមាន ហើយមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរ ត្រូវគេសង្ស័យថាឃុបឃិតគ្នាដើម្បីផលប្រយោជន៍។
មន្ត្រីរាជការសាលាខេត្តកោះកុង បានលើកឡើងថា ទោះបីក្រសួងដែនដីនគរូបនីយកម្ម ចេញលិខិតឲ្យមានការរឹតបន្តឹង ចំពោះសំណង់លើផ្លូវសាធារណៈ តំបន់ឆ្នេរ ព្រែក ស្ទឹង យ៉ាងណាក៏ដោយ ក៏មន្ត្រីមន្ទីរជំនាញ និងអាជ្ញាធរខេត្តកោះកុង មិនយកចិត្តទុកដាក់អនុវត្តន៍តាមឡើយ។ ហេតុនេះហើយទើបសំណង់ខុសច្បាប់ជាច្រើនត្រូវគេសាងសង់លើតំបន់ឆ្នេរក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា យ៉ាងរលូន។
ប្រភពខ្លះបានឲ្យដឹងថា កន្លងមកលោក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តកោះកុង គិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយបណ្ដោយឲ្យមានការសាងសង់សំណង់រំលោភលើដីឆ្នេរសមុទ្រតាមអំពើចិត្ត។ ចំណែកលោក ប៊ុន លើត អភិបាលខេត្តកោះកុង ក៏មិនដែលយកចិត្តទុកដាក់ទប់ស្កាត់សំណង់ខុសច្បាប់ទាំងនោះឡើយ ផ្ទុយទៅវិញលោក ប៊ុន លើត តែងតែចេញមុខការពារ បម្រើផលប្រយោជន៍ក្រុមហ៊ុនចិន ដែលប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋនៅស្រុកស្រែអំបិល ស្រុកបុទុមសាគរ និងស្រុកគិរីសាគរ យ៉ាងក្រអឺតក្រទម។
ហេតុនេះក្រសួងមហាផ្ទៃ គួរពិនិត្យមើលភាពអសកម្មរបស់លោក ប៊ុន លើត អភិបាលខេត្តកោះកុងខ្លះផង ព្រោះបច្ចុប្បន្នបទល្មើសផ្សេងៗកំពុងកើតឡើងយ៉ាងពេញបន្ទុក ជាពិសេសសំណង់ខុសច្បាប់ត្រូវបានគេបន្តសាងសង់លើឆ្នេរសមុទ្រដោយគ្មានញញើតអ្វីទាំងអស់៕