តាមច្បាប់ក្នុងប្រព័ន្ធតុលាការនៅក្នុងសំណុំរឿងមួយត្រូវចែកចេញជាពីរគឺអង្គហេតុ និងអង្គច្បាប់។ ប៉ុន្តែជានីតិវិធីក្នុងការជំនុំជម្រះពេលខ្លះតុលាការជម្រះទាំងអង្គហេតុ និងអង្គច្បាប់តែពេលខ្លះលើកយកតែអង្គច្បាប់មកជម្រះប៉ុណ្ណោះ។
បើដូច្នេះតើនៅតុលាការថ្នាក់ណាដែលលើកយកទាំងអង្គហេតុ និងអង្គច្បាប់មកជំនុំជម្រះហើយនៅតុលាការថ្នាក់ណាជម្រះតែអង្គច្បាប់?
ដើម្បីស្វែងយល់ពីបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គេច នៃក្រុមមេធាវីអាស៊ានអន្តរជាតិដែលមានអាសយដ្ឋានលេខ ១៦R,ផ្លូវ ២៥២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញដែលមានខ្លឹមសារដូចខាងក្រោម ៖
នៅក្នុងសំណុំរឿងមួយតាមច្បាប់តុលាការ តើពាក្យថាអង្គច្បាប់ និងអង្គហេតុតើខុសគ្នាដូចមេ្ដច? សូមលោកមេធាវីពន្យល់
ពាក្យថាអង្គហេតុបានសេចក្តីថាហេតុការណ៍ទាំងឡាយណាកើតមានឡើងនៅក្នុងសំណុំរឿងដែលជនជាប់ចោទគាត់បានប្រព្រឹត្ត។
ឧទាហរណ៍ថារឿងឃាតកម្មមួយដែលគាត់បានសម្លាប់គេហើយដល់ពេលបើកសវនាការជំនុំជម្រះចៅក្រមត្រូវឲ្យជនជាប់ចោទនោះរៀបរាប់ពីដំណើររឿងនោះ។ ចំពោះអង្គច្បាប់វិញគឺចៅក្រមក្រោយពីបានស្តាប់អង្គហេតុ (ដំណើររឿង) ហើយវិនិច្ឆយថាតើជននោះត្រូវផ្តន្ទាទោសប៉ុន្មានឆ្នាំ។
ចំពោះនៅតុលាការកំពូលវិញគឺចៅក្រមលើកតែអង្គច្បាប់មកជំនុំជម្រះទេក៏ប៉ុន្តែនៅតុលាការកំពូលគាត់ក៏អាចសួរជនជាប់ចោទឲ្យរៀបរាប់ពីដំណើររឿងខ្លះដែរ (អង្គហេតុ) ដើម្បីចៅក្រមបានយល់ និងមានមូលដ្ឋានពីដើមហេតុនៃរឿងខ្លះក្នុងការពិចារណា។
តើនៅសាលាដំបូង និងសាលាឧទ្ធរណ៍ជម្រះទាំងអង្គហេតុ និងអង្គច្បាប់ ឬក៏ជម្រះតែអង្គហេតុ?
ការជំនុំជម្រះនៅសាលាដំបូងក៏ដូចជានៅសាលាឧទ្ធរណ៍ដែរគឺជំនុំជម្រះទាំងអង្គហេតុ និងអង្គច្បាប់ប៉ុន្តែគ្រាន់តែនៅសាលាទាំងពីរថ្នាក់នេះពិនិត្យទៅលើអង្គហេតុច្រើនជាងអង្គច្បាប់ដើម្បីចៅក្រមអាចស្រាវជ្រាវរកភ័ស្តុតាងសម្រាប់ដាក់បន្ទុក និងដោះបន្ទុកលើជនជាប់ចោទ។ ក៏ប៉ុន្តែនៅតុលាការកំពូលជម្រះលើកទី ១ ដែលមានសមាសភាពចៅក្រម ៥ រូបហើយជម្រះតែអង្គច្បាប់ទេ។
តែបើក្នុងករណីមានសមាសភាពចៅក្រម ៩ រូបគឺបានសេចក្តីថាអង្គសវនាការនោះជម្រះទាំងអង្គហេតុផង និងអង្គច្បាប់ផង។ ឧទាហរណ៍មានជនជាប់ចោទម្នាក់បានរំលោភសេពសន្ថវៈលើជនម្នាក់ទៀតប៉ុន្តែតាមពិតទៅជននោះមិនបានប្រព្រឹត្តទេហើយពេលសំណុំរឿងមកដល់តុលាការកំពូលពិនិត្យមើលលើអង្គច្បាប់ទៅឃើញថាជនជាប់ចោទរូបនោះមិនបានប្រព្រឹត្តទេដូច្នេះបើតុលាការកំពូលពិនិត្យទៅលើអង្គច្បាប់ឃើញថាមិនបង្ហាញពីការប្រព្រឹត្តទេនោះដូច្នេះតុលាការកំពូលត្រូវបង្វិលសំណុំរឿងនោះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ។
ប៉ុន្តែបើសាលាឧទ្ធរណ៍នៅតែចោទជននោះថាបានប្រព្រឹត្តហើយជនជាប់ចោទប្តឹងសារទុក្ខមកតុលាការកំពូលជាលើកទី ២ ទៀតពេលនោះតុលាការកំពូលលោកជំនុំជម្រះទាំងអង្គហេតុ និងអង្គច្បាប់ដែលតុលាការកំពូលអាចលើកលែងការចោទប្រកាន់ជននោះបាន។
ឧទាហរណ៍ជនម្នាក់ត្រូវសាលាដំបូងផ្តន្ទាទោសឲ្យជាប់គុក ១០ ឆ្នាំតែត្រូវប្តឹងទាស់មកសាលាឧទ្ធរណ៍ហើយត្រូវឧទ្ធរណ៍កាត់បន្ថយទោស ឬតម្កល់។ ប៉ុន្តែនៅតុលាការកំពូលមិនអាចបន្ថយទោសដល់ជននោះបានទេមានតែតម្កល់ ឬបង្វិលមកសាលាឧទ្ធរណ៍ជម្រះឡើងវិញ។ សូមលោកមេធាវីពន្យល់ពីភាពខុសគ្នាក្នុងការសម្រេចក្តីរវាងសាលាឧទ្ធរណ៍ និងតុលាការកំពូលផងបានទេ?
ករណីនេះបើតុលាការកំពូលជំនុំជម្រះលើកទី ១ ហើយតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ឬមានការបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ។ ប៉ុន្តែបើជម្រះសំណុំរឿងដដែលនេះលើកទី ២ គឺតុលាការកំពូលលោកជម្រះទាំងអង្គហេតុ និងអង្គច្បាប់ដូចតុលាការថ្នាក់ក្រោមដែរដែលមានចៅក្រមទាំងអស់ ៩ រូបចូលរួម។
តុលាការកំពូលតែងតែប្រាប់ជនជាប់ចោទថាវិនិច្ឆ័យតែទៅលើអង្គច្បាប់មិនវិនិច្ឆ័យលើអង្គហេតុទេ។ ចុះបើជម្រះតែអង្គច្បាប់ហេតុអីចៅក្រមឲ្យជនជាប់ចោទរៀបរាប់ពីអង្គហេតុដល់តុលាការដែរ?
ករណីដែលចៅក្រមតម្រូវឲ្យជនជាប់ចោទរៀបរាប់ពីដំណើររឿងដូច្នេះដោយសារចៅក្រមចង់បញ្ជាក់ថាអង្គហេតុដែលតុលាការថ្នាក់ក្រោមចោទប្រកាន់លើជនជាប់ចោទនោះវាត្រឹមត្រូវឬអត់? ប៉ុន្តែជានីតិវិធីនៅតុលាការកំពូលជំនុំជម្រះតែទៅលើអង្គច្បាប់ទេតែចៅក្រមសួរជនជាប់ចោទពីដំណើររឿងព្រោះគាត់ចង់បានជាមូលដ្ឋានខ្លះក្នុងការយកទៅពិចារណាប៉ុណ្ណោះ។
រឿងរបស់ជនជាប់ចោទម្នាក់ត្រូវបានតុលាការកំពូលប្រកាសតម្កល់ តើជនជាប់ចោទអាចប្តឹងទៅណាទៀតបានទេ?
បើរឿងរបស់ជនជាប់ចោទម្នាក់ត្រូវបានតុលាការកំពូលតម្កល់ទណ្ឌកម្មទោសគឺជនជាប់ចោទអាចប្តឹងសារទុក្ខនៅតុលាការកំពូលម្តងទៀតនៅពេលដែលជនជាប់ចោទនោះមានភ័ស្តុតាងថ្មីមកធ្វើអំណះអំណាងដល់តុលាការដែលហៅថាបណ្តឹងសើរើ។
ក្នុងករណីដូចគ្នានេះជនជាប់ចោទក៏ធ្វើបានដូចគ្នានៅសាលាដំបូង ឬនៅសាលាឧទ្ធរណ៍ដែរក្នុងករណីមានសាលក្រមចូលជាស្ថាពរ៕ ប្រភព ៖ postkhmer