ខេត្តកណ្តាល៖បុរសដែលខ្លួនធ្លាប់បានឈ្លោះគ្នាជាមួយប្រពន្ធ និងបានប្រើអំពើហិង្សាលើប្រពន្ធបានតាមសុំការអភយ័ទោសពីប្រពន្ធមិនព្រមក៏សម្រេចចិត្តចងកនិងខ្សែគោសម្លាប់ខ្លួននិងធ្នឹមផ្ទះកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ឈុំ ប៊ុនណារា ហៅងុយ ភេទប្រុស អាយុ៤៥ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិនិងឃុំកើតហេតុខាងលើ ។
តាមប្រភពពីបងស្រីរបស់ជនរងគ្រោះឈ្មោះ ជុំ សាវឿន ភេទស្រី អាយុ៥១ឆ្នាំ មានទីលំនៅក្បែរផ្ទះជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុរូបគាត់(បងស្រីជនរងគ្រោះ)បានអង្គុយលេងនៅខាងក្រោមផ្ទះរបស់ខ្លួនមើលទៅផ្ទះរបស់ប្អូនមិនឃើញមានមនុស្សនៅក៏បានដេញគ្មួយប្រុសឈ្មោះ យន សំណាង ឲ្យទៅមើលតែគ្មួយមិនព្រមទៅមួយសន្ទុះក្រោយមកគាត់ក៍បានដើរទៅមើលដោយខ្លួនឯងពេលនោះឃើញផ្ទះប្អូនបិទភ្លើងងងឹតហើយបិទទ្វារជិតតែមិនចាក់គន្លឹះខាងក្នុងទេពេលនោះគាត់ក៍បានច្រានទ្វារផ្ទះរួចច្របាច់ភ្លើងពិលមើលខាងក្នុងផ្ទះក៍ប្រទះឃើញប្អូនប្រុសបានចងកនៅនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយរួចរូបគាត់ក៍បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលឃុំដីឥដ្ឋ។
លោក អ៊ុង ស៊ីឡាក់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋបានឲ្យដឹងថាក្រោយពីទទួលបានពត៌មានកំលាំងប៉ុស្តិសហការណ៍ជាមួយកំលាំងជំនាញអាជ្ញាធរមូលដ្ឋានគ្រូពេទ្យប្រចាំឃុំដីឥដ្ឋនិងក្រុមគ្រួសារបានចុះពិនិត្យសាកសពជំនាញបានបញ្ចាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែនដោយខ្សែគោពណ៍ខ្មៅប្រវែង០.៨០ម៉ែត្រចងជាប់និងធ្នឹមផ្ទះ។
លោកបន្តថា តាមការបំភ្លឺរបស់បងស្រីសាកសពមុនពេលកើតហេតុគឺកាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៦កន្លងទៅប្អូនប្រុសរបស់គាត់ឈ្មោះ ឈុំ ប៊ុណារ៉ា ហៅងុយ បានឈ្លោះគ្នាជាមួយប្រពន្ធឈ្មោះ ហែម សុភ័ណ្ឌ និងបានប្រើអំពើហីង្សាលើប្រពន្ធបន្តិចបន្តួច រួចហើយប្រពន្ធបានចុះចេញពីផ្ទះរហូតទៅនៅផ្ទះម្តាយខាងស្រី ហើយប្អូនប្រុសរបស់គាត់បានតាមសុំការអភ័យទោសពីប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រមលុះដល់ថ្ងៃកើតហេតុប្អូនប្រុសរបស់គាត់ក៏សំរេចចិត្តចងកសំលាប់ខ្លួនតែម្តងទៅ ៕