រាជធានីភ្នំពេញ៖អ្នកនាំពាក្យសាលារាជធានីភ្នំពេញនៅថ្ងៃអង្គារ៍នេះបានអះអាងថា សាលារាជធានីភ្នំពេញ គ្រោងនឹងប្ដូរទីលានប្រជាធិបតេយ្យ ទៅទីតាំងសួនគីឡូម៉ែត្រលេខ៦សូគីមិច ដោយសារតែ មានការស្នើសុំពីប្រជាពលរដ្ឋ និងបណ្ដាសមាគមធនាគារដែលនៅជុំវិញ។
ការលើកឡើងរបស់អ្នកនាំពាក្យ សាលារាជធានីភ្នំពេញបែបនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពិធីអបអរសាទរ ទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិ ៣៤ នៅព្រឹកថ្ងៃទី៦ធ្នូនេះ ណែនាំសាលារាជធានីភ្នំពេញ ឲ្យផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យ ដើម្បីយកទីលាននោះ ធ្វើជាសួនច្បារសម្រាប់ជនពិការ សម្ដែងសិល្បៈ រកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
លោក មាន ច័ន្ទយ៉ាដា បានសរសេរក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ថា” ឆ្លើយតបនឹងបញ្ហាផ្លាស់ប្តូរ ទីលានប្រជាធិបតេយ្យ៖ មូលហេតុគឺការសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅជុំវិញទីលានប្រជាធិបតេយ្យ , ការស្នើសុំរបស់បណ្ដាសមាគមធនាគារ ជុំវិញទីលានប្រជាធិបតេយ្យ។ ទីតាំងថ្មី ពិនិត្យទីតាំងសួនគីឡូម៉ែត្រលេខ៦ សូគីមិច”៕