ទីតាំង​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​កំពុង​បង្ក​ផលប៉ះពាល់ និង​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2016 ក+ ក-


​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ប្រជាពលរដ្ឋ​តំណាងអោយ​១០​គ្រួសារ​រស់នៅ​ក្នុងភូមិ​ដាំ​ស្ពៃ សង្កាត់ ស្លា​កែ​ត ក្រុង​បាត់ដំបង សំណូមពរ​ដល់​អាជ្ញាធរខេត្ត​ជួយ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ទៅលើ​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​ថា​បាន​បង្ក​ផលប៉ះពាល់​និង​រំខាន​ការរស់នៅ​យ៉ាងធ្ងន់ធ្ងរ​ដល់​ពួកគាត់​។
ប្រភព​បាន​លើកឡើងថា ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​មួយកន្លែង​ខាងលើនេះ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​និង​ខេត្តបាត់ដំបង ។​
លោក ផាន់​ថង ដា​រិ​ទ្ធ​និង​លោក​សាមុត ស៊ី​រី​វណ្ណ​តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួ​សារបាន​លើកឡើងថា ជាច្រើន​ឆ្នាំ​កន្លងមកហើយ​ដែល​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ខាងលើ​បាន​បង្ហុយផ្សែង អាស៊ីត​គីមី​មកលើ​លំនៅដ្ឋាន​របស់​ពួកគាត់​ពេល​ដកដង្ហើម​ម្តងៗ​ធ្វើអោយប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខភាព និង​ផ្លូវ​ដកដង្ហើម ។​
ប្រភព​ផ្សេងទៀត​បានលើកឡើង​ថា នៅពេលដែល​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​បង្ហុយផ្សែង​មក​ម្តងៗ​ពួកគាត់​មិនដែល​ហ៊ាន​នៅផ្ទះ​ទេ តែង​ជិះ​ម៉ូតូ​ចេញ​ឆ្ងាយ​ទៅ​ឆ្ងាយ​ស្ទើរ​រាល់ថ្ងៃ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព និង​ផ្លូវ​ដកដង្ហើម​។​
ហើយ​ក្នុងនោះដែរ​ពួកគាត់​សំណូមពរ​ស្នើ​សុំអោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​មន្ទីរ​បរិស្ថាន​ជួយ​ចុះ​ត្រួតពិនិត្យ​និង​ដោះស្រាយ​ទៅលើ​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ដែល​កំពុង​បង្ករ​បញ្ហា​ទៅលើ​សុខភាព​របស់​ពួកគាត់​ផង​។​
ពាក់ព័ន្ធ​ការចោទប្រកាន់​នេះដែរ លោក មុត បូ​រិ​ន ម្ចាស់​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​ខាងលើ​បាន​ប្រាប់​សារពត៌មាន​យើង​នៅ​ថ្ងៃទី​១៤​ធ្នូ​នេះ​ថា លោក​បើក​ធ្វើ​អាជីវ​កម្មនេះ​ជាង​២០​ឆ្នាំ​មកហើយ លោក​ទទួលស្គាល់ថា​មាន​ផ្សែង​ហ៊ុយ​ទៅលើ​លំនៅឋាន​ពួកគាត់​មែន ប៉ុន្តែ​ផ្សែង​នោះ​មិនមែនជា​ផ្សែង​អាស៊ីត​គីមី​ពុល​ដូច​ការលើកឡើង​ខាងលើ​នោះទេ​។​
ពាក់ព័ន្ធ​ទៅ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ លោក អែល សា​លែស ចៅសង្កាត់​ស្លា​កែ​ត​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា បញ្ហា​ទីតាំង​ធ្វើ​អាជីវកម្ម​ដុត​យក​មាស​បង្ករ​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខាងលើនេះ​លោក​បានទទួល​ហើយ ហើយ​លោក​និង​កំពុង​រៀបចំ​ដើម្បី​ចុះទៅ​ធ្វើ​កិច្ចការ​នេះ​។​
ចំណែក​លោក ជួប សារុន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​ជំវិញ​ទៅ​និង​បញ្ហា​ខាងលើនេះ​លោក​បាន​ប្រាប់ថា នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​ទេ​លោក​នឹង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅ​ពិនិត្យមើល​៕

15494080_1805947842977111_28228267_n15451424_1805947826310446_685331047_n15571331_1805947836310445_530207432_n15497864_1805947859643776_106568778_n15554738_1805947832977112_737956374_n15497630_1805947862977109_54168480_n