រាជធានីភ្នំពេញ៖ប្រធានគណបក្សគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសថា គណបក្សលោកនឹងធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជន LDP ដែលបានចាប់ខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែបាតុកម្មនោះគឺមិនទៅធ្វើនៅកន្លែងណានោះទេ គឺពួកយើងទៅបោះជំរុំ លើដីជាង២០ហិកតា នៅខេត្តកំពត ទីដែលចាប់ខ្លួនសកម្មជន LDP ដោយអាជ្ញាធរតែម្តង ។
លោក ខឹម វាសនា បានប្រកាសជំហរដូច្នេះ បន្ទាប់ពីអាជ្ញាធរខេត្តកំពត បានឃាត់ខ្លួនសមាជិក១៣នាក់ របស់LDP អំពីការឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ប៉ុន្តែការឃាត់ ខ្លួននេះស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក ១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែលប្រជាពលរដ្ឋចំនួន០៦គ្រួសារ បានដាក់ពាក្យ បណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការបន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបាន ស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រមកធ្វើ សកម្មភាពឈូសឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។
ខណៈសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណបក្ស ឈ្មោះ ខឹម វាសនា នោះតែម្តង ៕