ពលរដ្ឋ​នៅ​ឃុំ​រកា​ដែល​ផ្ទុកមេរោគ​អេដស៍​ស្លាប់​២២​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 February, 2017 ក+ ក-

​រាជធានី​ភ្នំពេញ​៖​តំណាងរាស្ត្រ​បក្សប្រឆាំង​ថ្លែងថា ប្រជាពលរដ្ឋ​ឃុំ​រកា ដែល​ផ្ទុកមេរោគ​អេដស៍​បាន​ស្លាប់​ចំនួន​២២​ហើយ ហើយ​អ្នក​ដែល​នៅរស់​កំពុង​ជួប​បញ្ហា​ជីវភាព​ធ្ងន់ធ្ងរ​ពុំមាន​អ្នក​ទៅ​ជួយ​ដូចពេលមុន​នោះឡើយ​។​
​លោកស្រី មួរ សុខ​ហ៊ួ​រ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង មកពី​គណបក្សប្រឆាំង​បាន​ថ្លែង​ដូច្នេះ​អំឡុង​ពេលដែល​អ្នកស្រី​ចុះទៅ​សាកសួរ​សុខទុក្ខ​អ្នកភូមិ​រកា ឃុំ​រកា កាលពីពេល​ថ្មីៗ នេះ​។ លោកស្រី​បញ្ជាក់ថា ពួកគាត់​កំពុង​ប្រឈម​ការលំបាក​ខ្លាំង​អំពី​ជីវភាព ដោយសារតែ​ការរើសអើង​។​
​លោកស្រី មួរ សុខ​ហ៊ួ​រ បញ្ជាក់ថា ពីមុន​មុខរបរ​លក់ដូរ របស់​ពលរដ្ឋ​គឺ​លក់ដាច់​គ្រាន់បើ ប៉ុន្តែ​ក្រោយ​លេចឮ​ព័ត៌មាន​អំពី​ការផ្ទុក​មេរោគ​អេដស៍ មុខរបរ​នោះ​លក់​លែង​សូវ​ដាច់​ដូច​មុន ព្រោះ​ហាក់ដូចជា​មានការ​រើសអើង ចំពោះ​ពួកគាត់ ។ ទន្ទឹម​នោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​៤០​គ្រួសារ បាននាំគ្នា​ចំណាកស្រុក ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ដើម្បី​ស្វែងរក​ចំណូល​។​
​តំណាងរាស្ត្រ​រូបនោះ​បន្ថែមថា រយះពេល​២​ឆ្នាំ​ចុង​ក្រោយនេះ អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងនោះ​ត្រូវបាន​គេ​បោះបង់ចោល​លើកលែងតែ​ថ្នាំ​ពន្យា​អាយុ ដែល​នៅ​បើក​ជាប្រចាំ​។ លោកស្រី​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​ពលរដ្ឋ​ទាំងនោះ​ផង រួមទាំង​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជួយ​សងបំណុល​ជំនួស​ពលរដ្ឋ​ទាំងនោះ ព្រោះ​មើលទៅ​ពួកគាត់​ប្រហែល​អស់​លទ្ធភាព​សង​ហើយ​៕

1