រាជធានីភ្នំពេញ៖គណបក្សសង្គ្រោះជាតិបានសម្រេចប្រគល់សិទ្ធិទៅលោក កឹម សុខា ដឹកនាំជាបណ្ដោះអាសន្នមុននឹងមានការជ្រើសរើសប្រធានថ្មី បន្ទាប់ពីការលាលែងរបស់លោក សម រង្ស៊ី។ ដូច្នេះមានន័យថា បក្សប្រឆាំងមួយនេះ បានរក្សាទុកកៅអីប្រធានបក្សរបស់លោក សម រង្ស៊ី ឲ្យនៅទំនេររហូតដល់ឆ្នាំ២០១៨ខាងមុខ។
សូមជម្រាបថា លោក សម រង្ស៊ី បានប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃម្សិលមិញនេះ ដោយគ្រាន់តែបញ្ជាក់ប្រាប់ថា ដោយសារតែមូលហេតុផ្ទាល់ខ្លួន។ ការសម្រេចចិត្តបែបនេះរបស់លោក សម រង្ស៊ី បានជំរុញឲ្យមានការកោះប្រជុំសមាជិកគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលម្សិលមិញ។
ដោយឡែកនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចេញផ្សាយកាលពីរសៀលម្សិលមិញដែរនោះបញ្ជាក់ថា គណបក្សទទួលយកពាក្យលាលែងពីតំណែងរបស់លោក សម រង្ស៊ី និងសម្រេចប្រគល់សិទ្ធិទៅអនុប្រធានគណបក្ស លោក កឹម សុខា ឲ្យទទួលតួនាទីជាប្រធានស្ដីទី មុននឹងគណបក្សនេះជ្រើសរើសបានប្រធានថ្មី។
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយលើកឡើងថា ការសម្រេចចិត្តលាលែងរបស់លោក សម រង្ស៊ី គឺជាល្បិចនយោបាយតែប៉ុណ្ណោះ ព្រោះការបោះឆ្នោតថ្នាក់ជាតិក៏កាន់តែខិតជិតមកដល់ផងដែរ៕