ដោយ៖ប៉ែន សុផល
បាត់ដំបង៖មន្ត្រីពេទ្យសត្វភូមិកកោះ ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧បានអំពាវនាវអោយប្រជាកសិករដែលមានគោយកទៅចាក់វ៉ាក់សាំងសាទឹកព្រោះរដូវឆ្លងជម្ងឺមកដល់។
លោកអ៊ុន សំអាន ពេទ្យសត្វប្រចាំភូមិកកោះបានលើកឡើងថា យុទ្ធនាការផ្តល់ថ្នាំប្រភេទវ៉ាក់សាំងការពារជម្ងឺសាទឹកថ្ងៃដំបូងក្នុងឆ្នាំនេះ លោកសូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ពិសេសកសិករនៅទូទាំងភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងដែលមានចិញ្ចឹមគោជាមធ្យោបាយអូសទាញ សូមយកសត្វពាហនះទាំងអស់នោះទៅចាក់វ៉ាក់សាំងការពារជម្ងឺសាទឹកអោយបានគ្រប់គ្នា ជៀសវាងជម្ងឺសាទឹករាតត្បាតឆ្លងពេញភូមិស្រុកធ្វើអោយបាត់បង់ផលប្រយោជន៍ធំ។
លោកបន្តរថា ជម្ងឺសាទឹកជាប្រភេទជម្ងឺឆ្លងម្យ៉ាងដែលច្រើនកើតលើសត្វគោបង្ករជាអាការះហៀរសំបោរ ឡើងក្រហមជាំលើដងខ្លួន ធ្វើអោយគោបាក់កម្លាំងរហូតដល់ងាប់ ទើបរដ្ឋាភិបាលឬក្រសួងជំនាញកំណត់ផ្តល់វ៉ាក់សាំងក្នុងមួយឆ្នាំចំនួន២ដង នៅរវាងខែមករាដល់ខែកុម្ភះនិងលើកទី២នៅរវាងខែតុលាដល់ខែវិច្ឆកានៃឆ្នាំនីមួយៗ។
រីឯលោកយ៉ាន់ បុង ជាមេភូមិកកោះនិងជាម្ចាស់គោជិត១០ក្បាលដែលបានទទួលសេវាផ្តល់ថ្នាំបង្ការជម្ងឺសាទឹកបានអោយដឹងដែរថា កសិករម្ចាស់គោទាំងអស់សុំកុំធ្វេសប្រហែសបោះបង់សេវាទទួលវ៉ាក់សាំងដោយឥតគិតថ្លៃនេះអោយសោះព្រោះវាជាហេតុធ្វើអោយសត្វពាហនៈរបស់យើងឈឺ និងងាប់ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរ៕