ដោយ៖ប៉ែន សុផល
បាត់ដំបង៖បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នបានបុកចូលក្រោមគូថឡានកំពុងឈប់នៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយមនុស្សស្លាប់ខាងលើនេះបានកើតឡើងកាលពីរសៀលម្សិលមិញនៅចំណុចបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងក្រុមទី០៩ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។
លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងបានអោយដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង រវាងម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០០៨ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1B-8988 បើកបរដោយឈ្មោះ សេង រីណា ភេទប្រុស អាយុ២៧ ឆ្នាំនៅរាជធានីភ្នំពេញមកស្នាក់នៅធ្វើជាកម្មករម្ហូបការ(គីលីលី)ស្ថិតក្នុងភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង។
លោកបន្តទៀតថា៖ម៉ូតូជនរងគ្រោះ ធ្វើដំណើរក្នុង ទិសដៅ ពីកើតទៅលិចលុះមកដល់ចំណុចខាងលើក៏បានបុកប៉ះពីក្រោយរថយន្ត ១ គ្រឿង ដែលឈប់ចតនៅលើចិញ្ចើមផ្លូវម៉ាក ISUZU ប្រភេទកង់១០ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-0894 បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ តែម្តង។ ចំណែកអ្នកបើកបររថយន្តមិនស្គាល់សាវតា បានរត់គេចខ្លួន)។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ធ្វើការវាស់វែងរួចនាំយករថយន្តនិងម៉ូតូខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការតាមនិតិវិធី ។
ចំណែកសាកសពត្រូវបានយកទៅរក្សាទុកនៅក្នុងវត្តបឹងរាំង សង្កាត់អូរម៉ាល់រងចាំសាចញាតិ មកពីភ្នំទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕