អាជ្ញាធរ​ថៃ​ជួយសង្គ្រោះ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​មេខ្យល់​នាំទៅ​បង្ខាំង​ទុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 April, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​តាម​ប្រភពព័ត៌មាន​ពី​ព្រំដែន​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤ មេសា​កន្លងទៅនេះ​បានឱ្យដឹងថា កម្លាំងយោធា​ថៃ​អង្គភាព​លេខ​១២ សហការ​ជាមួយ​តម្រួត​ក្លង​លឹក ខេត្ត​ស្រះកែវ បាន​ចូលទៅ​សង្គ្រោះ​ពលករ​ខ្មែរ​ជាច្រើន​នាក់​ដែល​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុង​បន្ទប់​នៃ​អគារ​ពាណិជ្ជ​មួយ មាន​កម្ពស់​២​ជាន់ ក្នុង​បរិវេណ​ផ្សារ​រុង​ក្លឿ​(​ផ្សារ​ជាយដែន​ក្នុងស្រុក​អារញ្ញ​) ។​
​តាម​ប្រភព​បានឱ្យដឹងថា កម្លាំង​តម្រួត​ថៃ បាន​ប្រើ​ឧបករណ៍​គាស់​ទ្វារ​ខាងក្រោយ​អគារ និង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​នៅពេលដែល​ឃើញ​មាន​ពលករ​ខ្មែរ​ប្រុស​-​ស្រី​រួមទាំង​ក្មេងៗ​អង្គុយ​ប្រជ្រៀត​គ្នា​ណែនណាន់តាន់តាប់​ដូច​ប្រអប់​ឈើគូស ទាំង​ជាន់​លើ​និង​ជាន់​ក្រោម សរុប​ចំនួន​៦៥​នាក់​។ ពេលធ្វើការ​ត្រួតពិនិត្យ​ពួកគេ​សុទ្ធតែ​គ្មាន​ឯកសារ​ធ្វើដំណើរ និង​ស្ថិតក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ព្រមទាំង​ភ័យខ្លាច​ញ័រទទ្រើក​គ្រប់ៗ​គ្នា ។​
​ក្រោយ​ការត្រួតពិនិត្យ​ទើប​ដឹងថា ទាំងអស់គ្នា​ប្រុង​លួច​ទៅធ្វើ​ការ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​សមុទ្រ​បាកាន ដោយមាន​មេខ្យល់​ជនជាតិខ្មែរ​នៅ​ប៉ោយប៉ែត ជា​អ្នក​ទាក់ទង​និង​ឲ្យ​លួច​ចូលមកក្នុង​ទឹកដី​ប្រទេស​ថៃ តាម​ច្រករបៀង ។​
​ពលករ​ខុសច្បាប់​ទាំង​នោះបាន​ស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​អគារ​ខាងលើ​តាំងពី​ថ្ងៃទី​២១ មេសា​មកម្ល៉េះ ដោយ​គេ​យក​ថ្លៃឈ្នួល​នាំ​ផ្លូវ​ក្នុង​ម្នាក់ៗ​ពី​២០០០​បាត​ទៅ​២៥០០​បាត និង​ប្រាប់ថា​ឲ្យ​រង់ចាំ​សិន បន្តិចទៀត​នឹងមាន​រថយន្ត​មក​ទទួល​ទៅធ្វើ​ការ ប៉ុន្តែ​រង់ចាំ​រយៈពេល​ជាង​៣​ថ្ងៃ​ហើយ នៅតែ​ប្រើពាក្យ​រង់ចាំ​សិន​ដែល​មិនមាន​រថយន្ត​ណាមួយ​មក​ទទួល​នោះឡើយ ។​
​បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​ថៃ បាន​នាំខ្លួន​ពលករ​ខ្មែរ​ទាំងអស់​ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ខេត្ត​ស្រះកែវ យកទៅ​សួរនាំ​ដើម្បី​បញ្ជូនមក​កម្ពុជា​វិញ ព្រមទាំង​តាម​ចាប់ខ្លួន​មេខ្យល់​ជា​ក្រុម​ជួញដូរ​មនុស្ស ជនជាតិខ្មែរ​ដោយបាន​ទាក់ទង​មក​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​ប៉ោយប៉ែត ឲ្យ​ជួយ​តាមរក​ក្រុម​មេខ្ស​ល់​ទាំងនោះ​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ។ មិន​សង្ឃឹមថា សមត្ថកិច្ច​ខាង​ខ្មែរ​ចាប់​មេខ្ស​ល់​បានឡើយ ព្រោះ​ពួកគេ​ច្រើនតែ​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​ច្រើនជាង​ធ្វើតាម​ច្បាប់ ។​
​ក្រោយ​សួរនាំ​សមត្ថកិច្ច​ថៃ បាន​ឲ្យ​ដឹងថា អគារ​ខាងលើ​ត្រូវបាន​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ជួល​ដើម្បី​លក់ដូរ តែ​នៅ​មិនទាន់​ឃើញ​មានការ​បើក​លក់​អ្វី​នោះទេ គឺ​ឃើញតែ​បិទទ្វារ​រហូត ។​
​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​ថៃ​ក៏​ត្រៀម​កោះហៅ​ម្ចាស់​អគារ​មក​សាក​សួររក​អត្ដ​សញ្ញាណ​អ្នក​ជួល​ផងដែរ ព្រោះនេះ​ជា​ល្បិច​ជួល​អគារ​សម្រាប់​ជួញដូរ​មនុស្ស​ល្មើសច្បាប់៕

unnamed-7