អាមេរិក៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាធរដាក់សម្ពាធបន្ថែមលើប្រទេសកូរ៉េខាងជើង តាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងការទូតដើម្បីបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចា ដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានAFP។
សេចក្តីថ្លែងការណ៍រួមខាងលើនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis និងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក លោក Dan Coats បន្ទាប់ពីមន្ត្រីទាំងបីរូបនេះ បានធ្វើការអត្ថាធិប្បាយអំពីគោលនយោបារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះទីក្រុងព្យុងយ៉ាង ជូនដល់អង្គសភាជាតិឲ្យបានដឹង។
មន្ត្រីកំពូលអាមេរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណល ត្រាំ ចង់ប្រើគោលនយោបាយការទូត ដើម្បីដាក់សម្ពាធ និង ស្វែងរកការដាក់ទណ្ឌកម្មជាថ្មីទៀតពីសម្ព័ន្ធមិត្តនៅក្នុងតំបន់ និងដៃគូនានា លើរដ្ឋអំណាចដឹកនាំដោយលោកគីម ជុងអ៊ុន ប៉ុន្តែថា មិនលុតជង្គង់ដាក់របបដឹកនាំដោយលោកគីម ជុងអ៊ុននោះទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មេបញ្ជាការកងទ័ពជើងទឹករបស់អាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិកលោក Admiral Harry Harris ថ្លែងស្វាគមន៍ចំពោះការស្នើឡើងរបស់ទីក្រុងប៉េកាំងដើម្បីដោះស្រាយភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាងដោយមិនមានយោធា៕