រាជធានីភ្នំពេញ៖ជនសង្ស័យជាឃាតករ ដែលបានប្រើក្រម៉ារឹតកសម្លាប់យុវតីវ័យ១៦ឆ្នាំម្នាក់ បណ្ដាលឲ្យស្លាប់នៅក្នុងរោងគោ តាមបណ្ដោយផ្លូវទន្លេសាប ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ត្រូវបានសមត្តកិច្ចចាប់ខ្លួនបានហើយ។
ការចាប់ខ្លួននេះបានកើតឡើងនៅវេលាម៉ោង៥ និង០០ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ និងដកហូតបានមកវិញនូវទូរស័ព្ទ១គ្រឿង នៅឯផ្ទះបងប្អូនរបស់ជនសង្ស័យ ស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពីឃាតករបានសម្លាប់ និងយកទាំងគ្រឿងអលង្ការ រួមនិងទូរស័ព្ទ ហើយរត់គេចបានរយៈពេល២ថ្ងៃនេះ ។
ជនសង្ស័យជាឃាតករដែលត្រូវចាប់ខ្លួនឈ្មោះ យ៉ុង ឧត្តម «ហៅទន្សាយ» ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករស៊ីឈ្នួលដឹកគោ ស្នាក់នៅក្បែរផ្ទះជនរងគ្រោះ។ ចំណែនក្មេងស្រីរងគ្រោះឈ្មោះ ម៉ាន ស្រីមុំ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយឪពុកឈ្មោះ ទូ ល័សមាន និងម្ដាយឈ្មោះ ជីត ម៉ ជាខ្មែរឥស្លាម មានមុខរបរលក់សាច់គោ ស្នាក់នៅផ្ទះគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវទន្លេសាប ក្នុងក្រុមទី៦ ភូមិដើគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕