ដោយ ៖ ប្រុញ វិធិន
ក្រចេះ ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងផ្លូវជាតិលេខ7A បានឲ្យដឹងថា មានរថយន្តធំៗធុនយក្សរាបសិបគ្រឿងដឹកឈើក្នុងមួយយប់ៗ បង្កការរំខានដល់ការដេកពួនរបស់ពួកគាត់ ដែលករណីនេះកើតឡើងនៅចំណុចស្អានដែក ភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ខណៈដែលមានការសង្ស័យថា អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញតាំងពីថ្នាក់ធំរហូតដល់ថ្នាក់តូច ឃុបឃិតគ្នាជាប្រព័ន្ធ ឬត្រូវរូវគ្នាអស់ហើយ ទើបពួកក្រុមឈ្មួញដឹកជញ្ជូនបានដោយរលូនដូច្នេះ?។
ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ មានរថយន្តយីឌុបធុនយក្សមួយគ្រឿង ក្រឡាបចេញសុទ្ធតែឈើប្រណិត ខណៈដែលរថយន្តយីឌុបធុនធំជាច្រើនគ្រឿងទៀត ដឹកឈើបានទៅដល់គោលដៅ (ប្រទេសវៀតណាម)ប្រកបដោយរលូន។ បន្ទាប់ពីរថយន្តយីឌុបដឹកឈើក្រឡាបអស់ជាច្រើនម៉ោង លុះដល់វេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី២៩ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បញ្ជាឲ្យមន្ត្រីជំនាញមេព្រៃចាប់តែម្តង ។
ប្រភពពីប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់មិនដែលឃើញសមត្ថកិច្ចឃាត់រថយន្តយីឌុបដឹកឈើកំពុងធ្វើចរាចដឹកជញ្ជូនបានម្តងណាឡើយ លុះត្រាតែរថយន្តទាំងនោះ ខូច បែកកង់ និងក្រឡាបទៅមុខលែងរួចទើបបង្ក្រាបបាន ។ ហើយរថយន្តដែលក្រឡាបទាំងនោះ គឺ១០០ទាំង១០០ ក្រឡាបចេញឈើប្រណិតទាំងអស់ ។
បច្ចុប្បន្នរថយន្តខាងលើ គឺត្រូវបានមន្ត្រីជំនាញព្រៃឈើស្ទួចយកទៅរក្សាទុកបណ្ដោះអាសន្ននៅស្ថានីយ៍បណ្ដុះកូនឈើខ្សារ ដើម្បីធ្វើការវាស់វែង កសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យាការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ប្រភពច្បាស់ការបានបង្ហើបថា ឈើទាំងនោះជារបស់ឈ្មួញ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង មានអំណាច និងមានឥទ្ធិពលម្នាក់នៅខេត្តក្រចេះ ដែលគេល្បីនឹងស្គាល់គ្រប់ៗគ្នា ឈ្មោះ ចែ នី អាត រកាកណ្តាល៕