ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ជនរងគ្រោះចំនួន២នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមក្បែរៗគ្នា បន្ទាប់ពីអ្នកភូមិបានឮសមឡេងផ្ទុះអាវុធទាំងព្រឹកព្រលឹម នៅក្នុងព្រៃខាងក្រោយភូមិ លើកំណាត់ផ្លូវលំដែលពោរពេញដោយព្រៃរបោះ ខណៈដែលជនរងគ្រោះទាំងពីរនាក់បានចេញដំណើរពីភូមិដើររកទិញម៉ូតូ ក្នុងនាមជាអ្នកប្រកបមុខរបរកួកជេម៉ូតូ ។ ករណីនេះ កើតឡើងនៅប្រហែលជាម៉ោងជាង៧ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកោះរៀម ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយសារតែទីតាំងកើតហេតុមានបន្សល់នូវសពមនុស្សប្រុសចំនួន២នាក់ និងគ្រាប់កាំភ្លើង AK មួយគ្រាប់ដែលជនល្មើសបាញ់មិនផ្ទុះ ។
ដោយឡែកក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅព្រឹកមុនពេលកើតហេតុ គឺជនរងគ្រោះទាំងពីរនាក់ ដែលម្នាក់ឈ្មោះ ហ៊ួត ឈឿង ភេទប្រុស អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ រិទ្ធិ អាយុ៣៥ឆ្នាំ អ្នកទាំងពីររស់នៅភូមិច្រនៀង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមាមុខរបរជាអ្នកគួកជេម៉ូតូតាមភូមិបានជិះម៉ូតូរបស់គេម៉ាកវេវ ពណ៌ស ឆ្ពោះទៅកាន់ស្រុកបវេលដើម្បីរកទិញម៉ូតូ ស្រាប់តែជួបនឹងករណីនេះតែម្តង ។
តាមការសន្និដ្ឋានបឋមរបស់ប្រភពនានាបាននិយាយថា ទី១វាគឺជាករណីប្លន់ប្រដាប់អាវុធយ៉ាងពិតប្រាកដ ដោយជនសង្ស័យបានប្រើប្រាស់អាវុធធុនអាកា បាញ់ទៅលើជនរងគ្រោះដោយជនទី១ត្រូវចំឆ្អឹងជំនីខាងឆ្វេង១គ្រាប់។ រីឯជនទី២ដែលមានវ័យក្មេងជាងគឺត្រូវបានជនសង្ស័យកាប់នឹងពូថៅចំក្បាលខាងក្រោយបណ្តាលអោយស្លាប់ដូចគ្នា។
ដោយឡែកប្រភពមួយផ្សេងទៀតបានសន្និដ្ឋានថា ជនសង្ស័យក៏អាចជាអ្នករកស៊ីមុខរបរ ដូចគ្នាដែរ ហើយក៏អាចជាមនុស្សស្គាល់គ្នាយ៉ាងច្បាស់ថែមទៀត ព្រមទាំងបានធ្វើដំណើរ ជាមួយគ្នាថែមទៀតផង ទើបគេអាចមានឱកាសប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះ ដែលអង្គុយនៅកណ្តាល បន្ទាប់មកទើបបាញ់ទៅលើអ្នកកាន់ចង្កូតម៉ូតូតែម្តង ដើម្បីប្លន់ យកម៉ូតូម៉ាកវេវពណ៌ស នោះហើយជិះគេចចេញបានដោយសុវត្ថិភាព។ ចំណែកសមត្ថកិច្ច មិនទាន់មាននរណាម្នាក់អះអាងថា យ៉ាងណានោះឡើយ ដោយបច្ចុប្បន្នទាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ដូចជានគរបាលកំពុងដុតដៃ ដុតជើងស្វះស្វែងតាមរកមុខសញ្ញាប្លន់ប្រដាប់អាវុធនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕