រាជធានីភ្នំពេញ ៖ ផ្ទុយពីការលើកឡើងរបស់គណបក្សប្រឆាំងនៅកម្ពុជា អ្នកនាំពាក្យបក្សកាន់អំណាចលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយនេះ គឺដើម្បីតម្រង់ទិសគណបក្សនយោបាយ ឲ្យអនុវត្តត្រឹមត្រូវតាមគោលការណ៍ប្រកួតប្រជែងតាមលក្ខណៈប្រជាធិបតេយ្យ កុំឲ្យលេងល្បិចទុច្ចរិត រំលោភច្បាប់ រំលោភក្រមសីលធម៌ គោលការណ៍ និងនីតិវិធីផ្សេងៗដែលបានកំណត់។
សូមជម្រាបថា គណបក្សប្រឆាំងនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃនេះដោយ បានចាត់ទុកការអនុម័តសេកក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយថ្មីនេះថាជាការអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ។
សេចក្តីថ្លែងការណ៍របស់ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានលើកឡើងថា សេចក្តីស្នើច្បាប់នេះ មានចរិតនយោបាយ គាបសង្កត់លើសិទ្ធិបុគ្គល និងកាបសង្កត់មកលើគណបក្សនយោបាយ ក្នុងន័យកម្ចាត់ខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះ បានចាត់ទុកថា សេចក្តីស្នើច្បាប់គណបក្សនយោបាយ មិនស្របតាមគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញ ។
ប៉ុន្តែអ្នកនាំពាក្យ CPP ឆ្លើយតបថា ករណីលោក សម រង្ស៊ី មិនបាច់អ្នកណាសម្លាប់ជីវិតនយោបាយរបស់គាត់ទេ ជាក់ស្តែងគឺខ្លួនគាត់បានសម្លាប់ជីវិតនយោបាយខ្លួនរួចទៅហើយ តាមរយៈដាក់ពាក្យសុំលាលែងពីប្រធានគណបក្សនិងពីសមាជិកគណបក្ស កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០១៧ ។ ដូច្នេះការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយមិនមែនគោលដៅបញ្ចប់ជីវិតនយោបាយសម រង្សីទេ ព្រោះបានស្លាប់បាត់រួចហើយ ៕