ខេត្តក្រចេះ ៖ កូនឈើចម្រុះជិត២ពាន់ដើម ត្រូវបានរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ដាំនិងចែកក្នុងឱកាសប្រារព្ធពិធីបុណ្យ រុក្ខទិវា លើទំហំផ្ទៃដី ២ហិកតា ។
ពិធីបុណ្យ រុក្ខទិវា សម្រាប់ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យក្រចេះ ឋិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោមវត្តមានលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងលោក គឹម ដូ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនជាង១ពាន់នាក់ ។
លោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ រដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានជ្រើសរើសកំណត់យកទីតាំងប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅនៅបរិវេណសាកលវិទ្យាល័យក្រចេះ ហើយប្រភេទឈើដែលយកមកដាំនៅពេលនោះ ជាប្រភេទឈើបេង គគី ឈើទាល ក្រញូង ធ្នង់ ស្ដៅ និងឈើហូបផ្លែជាច្រើនប្រភេទ សរុបមានចំនួន១,៩៨៩ដើម ។ លោក បានបន្តថា ការប្រារព្ធធ្វើពិធីបុណ្យរុក្ខទិវានាពេលនោះ គឺក្នុងគោលបំណង់ ដើម្បីស្ដារ និងដាំឡើងវិញនូវ ប្រភេទឈើមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រសើរឡើង សោភណ្ឌ័ភាពទេសភាព ធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយ ការឡើង កម្ដៅនៅក្នុងពិភពផែនដី និងបម្រែបម្រួលអាកាសធាតុ។
លោក នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានបន្តបន្ថែមថា ការអភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងជីវៈចម្រុះ រដ្ឋបាលព្រៃឈើក្រចេះ ក្នុងឆមាសទី១ ឆ្នាំ២០១៧ បានរៀបចំសួនអាពាហ៍ពិពាហ៍ចំនួន ៣កន្លេង លើផ្ទៃដី ០៨.៩៦ហិកតា ។
លោក ទ្រី សុភ័ក្រ បានបញ្ជាក់ថា នៅខេត្តក្រចេះ រុក្ខទិវាត្រូវបានប្រារព្ធធ្វើជាលើកដំបូងនៅឆ្នាំ១៩៩២ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះ ហើយដាំកូនឈើចម្រុះបានសរុបចំនួន ១២០.៥៩៨ដើម និងបានដាំនៅតាមវត្តអារាម តាមសាលារៀន និងនៅតាមទីសាធារណៈ មួយចំនួនទៀត។ លទ្ធផលខាងលើនេះ បានមកដោយការខិតខំប្រឹងប្រែងចូលរួមទាំង កម្លាំងកាយ និងចិត្តរបស់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីអាជ្ញាធររដ្ឋអំណាចគ្រប់ថ្នាក់ ។
លោក ខ័ណ្ឌ ចំណាន អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍ថា ធនធានព្រៃឈើ បានផ្ដល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិតាំងពីដើមរហូតមក។ ព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិ ធ្វើឲ្យធាតុអាកាសល្អប្រសើរឡើង រក្សានិយតភាពប្រភពទឹក ការពារទីជំរាល និងការពារជីវចម្រុះជាដើម។ ព្រៃឈើ គឺជាប្រភពផ្ដល់ការរស់រានមានជីវិតចំពោះ មនុស្ស សត្វ ដែលមានជីវិតនៅលើភពផែនដីយើងនេះ។
លោកបានថ្លែងបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ខេត្តក្រចេះ បានជួបប្រទះនិងបញ្ហាប្រឈមជាច្រើនក្នុងបញ្ហាព្រៃឈើ ពិសេសបញ្ហាកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ពីសំណាក់ជនខិលខូចដែលមានអំណាច មានទឹកប្រាក់ ដើម្បីវាតយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែលតតាំងជាមួយអាជ្ញាធរ និងតាមរយៈការជួលផ្ទាល់ ឬទិញបន្ត ក្នុងតម្លៃថោក។ ទន្ទឹមនោះលោកក៏បានអំពាវនាវដល់មន្ត្រីរាជការ បងប្អូនជនរួមជាតិទាំងអស់ សូមលើកកំពស់ការយល់ដឹងឲ្យបានច្បាស់លាស់ក្នុងការថែរក្សាការពារព្រៃឈើឲ្យបានគង់វង្ស។ ម្យ៉ាងវិញទៀត ចំពោះកូនឈើដែលបានហើយ ទាំងនៅក្នុងចំការ ទាំងនៅតាមរមណីយដ្ឋាន និងទីកន្លែងសាធារណៈផ្សេងៗ សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង ចូលរួមថែរក្សាឲ្យបានជាប្រចាំ ដើម្បីឲ្យកូនឈើទាំងនោះដុះលូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញអាស្រ័យដោយកត្តាផ្សេងៗនោះឡើយ៕