ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋជាង១០០នាក់ប្រមូលផ្តុំគ្នានិងដាក់គោយន្តបិទផ្លូវរឿងកសិផលធ្លាក់ថ្លៃនិងគ្មានទីផ្សារ។ ការប្រមូលផ្តុំគ្នានេះធ្វើឡើងនៅវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកផ្លូវ៣០ ក្នុងភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបងប្រជាពលរដ្ឋចំនួន១៣០នាក់បានដាក់ពង្រាយគោយន្តរួមទាំងត្រាក់ទ័រផងដែរជិត៣០គ្រឿងបិទផ្លូវបង្កការរាំងស្ទះចរាចរណ៍ដើម្បីតវ៉ាសុំអោយសម្តេចតេជោហ៊ុន សែន ជួយរកទីផ្សារកសិផលដែលផលិតបានបហើយតម្លៃធ្លាក់ទាបមិនអាចទទួលយកបាន។
ក្រុមប្រជាពលរដ្ឋដែលចេញមកតវ៉ា និងទទូចការស្នើរសុំបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកសិផលដូចជាពោត ដំឡូងមីជាដើមមិនមានហាងឆេងធ្វើអោយកសិករការខាតបង់ជាបន្តបន្ទាប់ បាក់ទឹកចិត្តលែងចង់ដាំដុះ បន្តែមទាំងជំពាក់លុយអង្គការជាច្រើនទៀត ផ្ទុយពីសម្ភារះកសិកម្មពី១ឆ្នាំទៅ១ឆ្នាំកាន់តែថ្លៃខ្ពស់ទៅៗ។
ប្រជាពលរដ្ឋបានត្អូញត្អែរបន្តថា ទីផ្សារកសិផលមិនស៊ីសង្វាក់គ្នាដោយពូជពោតទិញពីផ្សារក្នុង១គីឡូក្រាមតម្លៃ១៧៥បាតលុយថៃ ប៉ុន្តែចំពោះកសិផលដែលកសិករផលិតបានលក់បានត្រឹមតែ១គីឡូក្រាម៣បាតប៉ុណ្ណោះ។
ការទទួចតវ៉ានេះដែរបានផ្តោតសំខាន់លើការសុំអោយថ្នាក់ដឹកនាំជួយដល់ពួកគាត់ អោយកសិផលលក់បានតម្រៃលើ៣បាតឡើងទៅអោយបានថេរ សុំអោយផ្នែកជំនាញចុះត្រួតពិនិត្យជញ្ជីងថ្លឹងកសិផលក្នុងសៃឡូទទួលទិញនិងសុំអោយឈ្មួញមានច្រើនក្នុងការចូលទិញកសិផលពីកសិកជៀសវាងឈ្មួញឆ្លៀតឱកាសចុះទិញហើយបង្អាប់តម្លៃ។
មកទល់ម៉ោង១២ និង០០ថ្ងៃត្រង់ ថ្ងៃដដែលនេះក្រុមកសិករនៅតែបន្តប្រមូលផ្តុំគ្នាមិនទាន់រំសាយស្របពេលដែលលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងកំពុងធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុដើម្បីដោះស្រាយ៕