ពលករ​ខ្មែរ​នាំគ្នា​បន្ត​ចេញពី​ប្រទេស​ថៃ​ដើម្បី​ធ្វើ​បែបបទ​មាន​សិទ្ធិ​ស្របច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 July, 2017 ក+ ក-

​ដោយ ៖ ប៉ែន សុផល​
​ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​បន្ត​ចាក​ចេញពី​ប្រទេស​ថៃ​ជាច្រើន​មកកាន់​ប្រទេស​កំណើត ក្នុង​គោលបំណង​ធ្វើលិខិត​ឆ្លងដែន​ដើម្បី​មាន​សិទ្ធ​ស្របច្បាប់​ងាយស្រួល​ស្វែងរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​។​
យោងតាម​ការ​ស្រង់​សម្តី​របស់​សមត្ថកិច្ច​ប្រចាំ​តំបន់​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​ដូង​បានអោយដឹងថា រយៈពេល​១១​ថ្ងៃ ចាប់ពី​ថ្ងៃទី​១​ដល់​១១ ខែកក្កដា ឆ្នាំ​២០១៧ ចំនួន​ពលករ​ខ្មែរ​ដែល​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​កើន​ដល់​ជិត​២០០០​នាក់ ដែល​ពួកគេ​ភាគច្រើន​ត្រូវបាន​ថៅកែ​ក្នុង​សហគមន៍ រោង​សិប្បកម្ម កសិដ្ឋាន​ឬ​ថៅកែ​ម្ចាស់​ចំការ​ជនជាតិ​ថៃ​អោយ​វិលត្រឡប់​មកកាន់​ស្រុកកំណើត​វិញ​ធ្វើលិខិត​ឆ្លងដែន​ឬ​ប៉ាស្ព័រ និង​ប័ណ្ណ​ធ្វើ​ការងារ​ដើម្បី​មាន​សិទ្ធិ​ស្របច្បាប់​ធ្វើការ​ងារ​ដោយ​មិនមាន​ការភ័យខ្លាច​។​
​ដោយឡែក​លោក ហម សំខាន់ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដូង​បានបញ្ជាក់​អោយដឹងថា រយៈពេល​ចុងក្រោយ​នេះ​ប្រទេស​ថៃ​បាន​ពង្រឹង​ច្បាប់​គ្រប់គ្រង​ពលករ​បរទេស​ទាំងអស់​ដែល​ធ្វើ​ចំណាក់ស្រុក​ខុសច្បាប់​។ ជាក់ស្តែង​រយៈពេល​ដើមខែ ចាប់ពី​ថ្ងៃទី​១ មកទល់​ថ្ងៃទី​១១ កក្កដា​នេះ​ពលករ​បាន​ចេញពី​ប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ​សរុប​ចំនួន​១៧៨៩​នាក់ ខណៈ​ក្នុង​ខែមិថុនា​ពលករ​ដែល​ថៃ​បញ្ជូន​ចេញ​ចំនួន​២២៧​នាក់​។ ពលករ​ទាំងអស់​ក្នុង​ការធ្វើ​ចំណាក់ស្រុក​មិនមាន​ច្បាប់​អនុញ្ញាត​ឡើយ​ដែល​ពួកគេ​បាន​លួចលាក់​ឆ្លងដែន​តាម​មេខ្យល់ និង​តាម​គ្នីគ្នា​ដែល​ធ្លាប់​ទៅមក​។​
​លោក ហម សំខាន់ បន្តថា ពលករ​ទាំងអស់​ក្នុងការ​ឆ្លងដែន​មិនត្រូវ​ប្រថុយប្រថាន​ខុសច្បាប់​ឡើយ ពុំ​នោះទេ និង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា ថៅកែ​នៅ​ប្រទេស​គេ​មិន​ទទួល​អោយធ្វើ​ការងារ ប្រឈម​និង​ការឃាត់ខ្លួន​ឃុំឃាំង​ពី​សមត្ថកិច្ច ថ្លៃឈ្នួល​ការងារ​ទាប កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ឬ​ការបោកប្រាស់​មិន​អោយប្រាក់​ឈ្នួល​ទាំងស្រុង​ថែម​ទៀតផង​ដែល​ទីបំផុត​ធ្វើអោយ​ជីវភាព​កាន់​ខ្វះខាត​ខ្លាំង​ទៅៗ​។ ទោះជា​យ៉ាងណា​នៅក្រោយ​ពេលដែល​ឯកឧត្តម​អភិបាលខេត្ត​ជួប​សំណេះសំណាល​ជាមួយ​ពលករ​ខ្មែរ​ក្នុង​ថ្ងៃ​ដដែល​ហ្វូង​ពលករ​នៅតែ​ត្អូញត្អែរថា ការ​ចេញពី​ប្រទេស​ថៃ​នេះ​ខ្លួន​ត្រូវ​បង់លុយ​អោយ​នគរបាល​អន្តោប្រវេសន៍​ចំនួន​១០០​បាត និង​បង់​ថៃ​ចំនួន​២០០​បាត​។​
ចំណែក​លោក សៅ ប៊ុន​រឹទ្ធ ប្រធាន​ប៉ុស្តិ៍នគរបាល​អន្តោរ​ប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង​មិនអាច​សុំ​ការបញ្ជាក់​បានទេ​នៅតែ​បន្ត​គេចវេះ​មិន​ផ្តល់​ព៌​ត​មាន​លំអិត ទូរស័ព្ទ​ចុច​ចូល​ហើយ​មិនមាន​អ្នក​លើក​៕

19987611_1905434059695155_887610395_n19987680_1905434069695154_48674190_n 19988993_1905434053028489_2137994422_n 20046181_1905434073028487_1191804634_n 20049429_1905434076361820_840412081_o