ខេត្តព្រះវិហារ ៖ អាជីវកម្មប្រមូលទិញជ័រទឹកនៅខេត្តព្រះវិហារប្រឈមនឹងការបិទទ្វារ ព្រោះប្រភពព្រៃឈើដែលផ្តល់ផលជ័រទឹកបានទទួលរងការកាប់បំផ្លាញពីសំណាក់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅស្រុករវៀងស្រុកជាំក្សាន្តស្រុកឆែប និងស្រុកជ័យសែន ។ ដើមឈើទាល និងដើមយាងនៅខេត្តព្រះវិហារជាប្រភពសម្រាប់ប្រជាកសិករដងជ័រទឹកមិនចេះរីងស្ងួតបច្ចុប្បន្ននេះនៅមានសល់តិចតួចណាស់។
ម្ចាស់ដេប៉ូទិញលក់ជ័រទឹកនៅភូមិសំរោងសង្កាត់កំពង់ប្រណាកបានឱ្យដឹងថាជ័រទឹកកាន់តែក្រខ្សត់ទៅៗមិនសូវមានប្រជាពលរដ្ឋដឹកយកមកលក់ច្រើនដូចឆ្នាំមុនៗនោះទេ។ តម្លៃជ័រទឹកទិញចូលពេលនេះថ្លៃចាប់ពី១០ម៉ឺនរៀលដល់១២ម៉ឺនរៀលក្នុង១ប៊ីដុងចំណុះ៣០លីត្រតាមតម្លៃហាងឆេងទ្បើងចុះ។
ម្ចាស់ដេប៉ូបន្តថា ជ័រទឹកត្រូវបានដឹកជញ្ជូនយកទៅលក់បន្តនៅខេត្តរតនគិរីតាមផ្លូវជាតិលេខ៩ និងពេលខ្លះដឹកជញ្ជូនយកទៅលក់នៅព្រំដែនវៀតណាមកាត់តាមខេត្តកណ្តាល។ ឈ្មួញត្អូញត្អែរថា ឈ្មួញវៀតណាមបានផ្អាកទិញជ័រទឹករយៈពេល៤ខែមកហើយធ្វើអោយប៉ះពាល់ដល់ចំណូលសេដ្ឋកិច្ចគ្រួសារហើយព្រួយបារម្ភថា ជ័រទឹករាប់សិបតោនដែលកកស្ទះនាពេលនេះមិនដឹងពេលណាលក់វាចេញនោះទេ។
ទោះបីយ៉ាងណានាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យលោក ទ្បុញ ប៉ុណ្ណារិទ្ធ បានឱ្យដឹងថា ដេប៉ូជ័រទឹកនៅទីរួមខេត្តព្រះវិហារមានចំនួន៣កន្លែង ហើយនៅតែមានដឹកចេញយកលក់បន្តនៅរាជធានីភ្នំពេញ និងខេត្តប៉ៃលិនជាហូរហែមិនផ្អាកដំណើរការនោះទេ។ ដេប៉ូជ័រទឹកនៅទីរួមខេត្តព្រះវិហារសរុបទាំងអស់មានចំនួន៤កន្លែងក្នុងនោះដេប៉ូមួយកន្លែងទៀតផុតកំណត់ច្បាប់ ហើយមិនទាន់បន្តច្បាប់អាជីវកម្មនៅទ្បើយទេ៕