ដោយ ៖ ប៉ែន សុផល
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុង បរិវេណនាគសន្តិភាព ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងបានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ក្រោមប្រធានបទ (ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន)។
ក្នុងពិធីនេះដែរមានការអញ្ជើញ ចូលរួមពីលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ុយ រី អភិបាលរង ខេត្តបាត់ដំបង លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបងខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង ប្រធានមន្ទីរជុំវិញខេត្ត ប្រជាពលរដ្ឋនិងសិស្សានុសិស្សរាប់រយនាក់ចូលរួមផងដែរ ។
បន្ទាប់ពីលោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឡើងអានសាលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមកលោក អ៊ុយ រី អភិបាលរងខេត្តបានមានប្រសាសន៍ សង្កត់ធ្ងន់ថា ៖ ត្រូវរកអោយឃើញមូលដ្ឋាន ផលិត ចរាចរ ការចែកចាយ និងកន្លែងប្រើប្រាស់គ្រឿងញៀនហើយធ្វើការបង្ក្រាប ដាក់ទោសអោយធ្ងន់ធ្ងរចំពោះជនល្មើស។ មន្ត្រីអនុវត្តច្បាប់ត្រូវ គោរព វិន័យក្រមសីលធម៌ វិជ្ជាជីវះ និងច្បាប់មិនត្រូវជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនណាមួយឡើយ។ នៅតាមវត្តអារាម ព្រះសង្ឃ អាចមានលទ្ធភាពខ្ពស់ក្នុងការអប់រំ ទូន្មានប្រៀនប្រដៅ និងព្យាបាលដល់ពុទ្ធសាសនិកទាំងឡាយបានយ៉ាងទូលំទូលាយ។ យុវជន ដែលជាសិ ស្សានុសិស្សត្រូវយល់ដឹងពីបញ្ហាគ្រឿងញៀនថាតើគ្រឿងញៀនគឺជាអ្វី និងផលប៉ះពាល់ របស់វា បើសិននៅសហគមន៍ ឬនៅតាមសាលារៀនរបស់អ្នកមានគ្រឿងញៀន ត្រូវជៀស ឱ្យឆ្ងាយនិងត្រូវរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចដែលនៅជិតអ្នកបំផុត ហើយបញ្ហា គ្រឿ់ងញៀននេះគឺជាបញ្ហាចំបង របស់រាជរដ្ឋាភិបាលដែលបានអនុវត្តយ៉ាងក្តៅគគុកនាពេលបច្ចុប្បន្ន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជាលទ្ធផលក្នុងយុទ្ធនាការបង្ក្រាបក្នុងខេត្តបាត់ដំបងចំនួន៥០៩ករណីឃាត់ខ្លួនជនសង្ស័យបានចំនួន៨៤៨នាក់ ស្រី៤៤នាក់ ចំណែកវត្ថុតាង ដែលចាប់យកបានរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(wy)ចំនួន១៥,៩៣២គ្រាប់ ទម្ងន់១៤៨៦,៤៨ក្រាម។ គ្រឿងញៀនប្រភេទក្រាមពណ៌ស(ice)ចំនួន២៨៣៣,៣៥ក្រាម ។ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី ចំនួន១០,៧៧ក្រាម។ ketamine ចំនួន២,១៣ក្រាម-ថ្នាំអំពូលDiazepamចំនួន២អំពូល។ ថ្នាំគ្រាប់ZEPAMចំនួន១៦បន្ទះ។ ដើមកញ្ឆាចំនួន២០៣ដើម។ ស្លឹកកញ្ឆាស្រស់១គីឡូក្រាម។ កញ្ឆាស្ងួត ៣ គីឡូក្រាម។ រថយន្ត១២គ្រឿង។ ម៉ូតូ៦៩គ្រឿង។ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១៥គ្រឿង។ ទូរស័ព្ទដៃចំនួន២៦៦គ្រឿង។ កាំភ្លើងខ្លីK59ចំនួន២ដើម -គ្រាប់២៤គ្រាប់ -គ្រាប់កាំភ្លើងដៃ៣៣គ្រាប់។ ដាវសាម៉ារ៉ៃចំនួន៩ដើម។ ប្រាក់ខ្មែរចំនួន១០.២៨៩.៣០០រៀល។ ប្រាក់ដុល្លារចំនួន៣៩០ដុល្លារ។ ប្រាក់ថៃចំនួន៨,៨៥០បាត-និងប្រាក់ដុល្លារក្លែងក្លាយចំនួន២១.៧០០រៀល៕